(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបញ្ជាឱ្យកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ត្រូវបន្តគោរពវិន័យនគរបាលឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវគោរពទង់ជាតិ ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលឱ្យបានរៀងរាល់ព្រឹក ចំពោះអ្នកដែលមកគោរពទង់ជាតិមិនទាន់ ដាច់ខាតត្រូវដាក់អវត្តមានជាកំហិត។
តាមរយៈសារដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំតម្រូវឱ្យបងប្អូន (សំដៅលើមន្ត្រីនគរបាល) ត្រូវគោរពទង់ជាតិរៀងរាល់ព្រឹក ហើយការគោរពវិន័យជាកិច្ចការសំខាន់របស់សមត្ថកិច្ចគ្រប់រូប»។
លោកបានបន្តដាស់តឿនថា ការគោរពទង់ជាតិ ត្រូវគោរពឱ្យទាន់ពេលវេលា បើមកពីមិនទាន់ត្រូវដាក់អវត្តមាន។ លោកឧត្តមសេនីយ៍ ស ថេត បានតម្រូវឱ្យកម្លាំងនគរបាលទាំងអស់គ្នា ត្រូវស្លៀកពាក់ឯកសណ្ឋានជាមន្រ្តីនគរបាលអាវដៃវែង និងត្រូវស្លៀកពាក់ឱ្យដូចគ្នា លើកលែងតែខាងកម្លាំងនគរបាលចរាចរណ៍ និងកងអន្តរាគមន៍ប៉ុណ្ណោះ។
លោក ស ថេត បានបញ្ជាក់ថា បទបញ្ជា និងការប្រមូលផ្តុំបែបនេះ គឺដើម្បីមានភាពងាយស្រួលក្នុងការក្តាប់សភាពការណ៍ជាប្រចាំផងដែរ។
លោកស្នងការថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានកត់សម្គាល់យ៉ាងដូច្នេះថា «កន្លងទៅ ខ្ញុំ និងថ្នាក់ដឹកនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កេតឃើញថា ការគោរពវិន័យកងកម្លាំង និងការប្រមូលកម្លាំងប្រចាំថ្ងៃ មិនទាន់បានរឹងមាំនៅឡើយទេ ដូច្នេះត្រូវតែពង្រឹងឱ្យទាន់សភាពការណ៍»៕