គណៈកម្មការផលិតទូក ដើម្បីបំបែកឯតទគ្គកម្មពិភពលោក យកថវិកាជាង១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
25-12-2018 10:00
(ភ្នំពេញ)៖ លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងក្រុមការងារតំណាងលោក ស សុខា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បាននាំយកថវិកាចំនួន ៤០,៦៥៨,០០០រៀល (ប្រមាណជាង១ម៉ឺនដុល្លារ) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការចំណាយ សម្រាប់ពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជា រាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។
លោក ងិន បាណាល់ បានបញ្ជាក់ថា ថវិកាខាងលើនេះ គឺបានមកពីការលក់សម្ភារផ្សេងៗដូចជា៖ អាវ បន្តោងសោរ និងកងដៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងការដាក់តាំង បង្ហាញនៅមុខវាលព្រះមេរុហ៍ នាពេលកន្លងមក។
សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ៕