(ភ្នំពេញ)៖ លោក អោក​ បូរ៉ា​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា​ បានថ្លែងថា ត្រឹមតែរយៈពេល១១ខែ​ ក្នុងឆ្នាំ២០១៨នេះ ប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១០លានដុល្លារអាមេរិក។ បើតាមលោក​ អោក បូរ៉ា នៅឆ្នាំ២០១៧ ប្រៃសណីយ៍កម្ពុជា រកចំណូលបានត្រឹមតែ ៨លាន៥សែន ដុល្លារអាមេរិកតែប៉ុណ្ណោះ។

អគ្គនាយកប្រៃសណីយ៍កម្ពុជា បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាខាទី៦២នៃប្រៃសណីយ៍កម្ពុជា​ ទីតាំងផ្សារទំនើបអ៉ីអនម៉ល២ ខណ្ឌសែនសុខ​។

លោក អោក បូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់២០១៨នេះ ទើបតែ១១ខែ យើងទទួលបានប្រាក់ចំណូលពីសេវានេះ ១០លានកន្លះហើយ។ អញ្ចឹងនៅ១ខែទៀត យើងអាចថា ប្រហាក់ប្រហែលជាជិត ១២លានដុល្លារ នៅឆ្នាំ២០១៨»។

លោកបានបន្តថា៖ «ឆ្នាំ២០១៧ ចំណូលយើងបាន ៨លានកន្លះទេ តែឆ្នាំនេះយើងមានការកើនឡើង ដោយសារបញ្ញើ E-Commerce មានន័យថា យើងចែកដៃគូរលើពិភពលោក។ អតិថិជននៅស្រុកខ្មែរទិញតាម Online អញ្ចឹងយើងអាចចែកបញ្ញើ E-Commerce បានមានការកើនឡើង ដោយសារការបញ្ជាទិញតាម Online មានការកើនឡើង»។

លោក អោក បូរ៉ា​ បានគូសបញ្ជាក់ដែរថា ប្រៃសណីយ៍កម្ពុជា​ មានចំណូលកើនឡើងជារៀងរាល់ឆ្នាំ ឥតឈប់ឈរ ហើយការពង្រីកសាខាថ្មី នៅផ្សារទំនើបអ៉ីអនម៉ល២នេះ គឺដើម្បីរំកិលសេវាឲ្យកាន់តែខិតជិតអតិថិជន។ លោកថា គិតមកដល់ពេលនេះ ប្រៃសណីយ៍កម្ពុជាមាន៦២សាខាហើយ នៅទូទាំងប្រទេស។

សូមជំរាបថា ប្រៃសណីយ៍កម្ពុជា គឺជាសមាជិករបស់ប្រៃសណីយ៍លើពិភពលោក ដែលមាន១៩២ប្រទេស ជាសមាជិក៕