Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីលានបាល់ទាត់ថ្មី តម្លៃជាង៩ម៉ឺនដុល្លារ របស់វិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

24-12-2018 19:42

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ។

ទីលានបាល់ទាត់វិទ្យាល័យ ព្រះស៊ីសុវត្ថិ ប្រើប្រាស់ស្មៅសិប្បនិមិត្ដ ដោយមានទំហំដី ៥២មx៧២ម ស្មើនឹង៣,៧៤៤ ម៉ែត្រការ៉េ ដែលបានចំណាយទឹកប្រាក់សរុបជាង ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយទីលានបាល់ទាត់នេះ ត្រូវបានសាងសង់រួចជាស្ថាពរ ក្នុងខែមិថុនា ឆ្នាំ២០១៨។

ថ្លែងក្នុងកម្មពិធីសម្ពោធ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «បេសកកម្មសង្គមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្តោតសំខាន់លើវិស័យចម្បងៗបីគឺ វិស័យអប់រំ និងកីឡា វិស័យបរិស្ថាន និងវិស័យទេសចរណ៍។ ក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តចូល រួមលើកកម្ពស់វិស័យអប់រំ និងកីឡា តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលា និងការឧបត្ថម្ភសកម្មភាពកីឡាបាល់ទាត់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់»។

លោកឧកញ៉ា បានបន្តថា ការឧបត្ថមតារាងបាល់ទាត់នេះ គឺជាផ្នែកមួយនៃគម្រោង សាសាស្អាត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀននៅជុំវិញប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុន សម្រាប់សិស្សានុសិស្ស។

គួរបញ្ជាក់ផងដែរថា ក្រៅពីវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងជួយកែលម្អហេដ្ឋរចនាសម្ព័ន្ធ ក្នុងសាលាចំនួន៣ទៀត ក្នុងរាជធានីភ្នំពេញ និងសាលា៦ក្នុងខេត្តបាត់ដំបង។ ក្នុងឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏នឹងមានគម្រោងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅតាមសាលាចំនួន៥ នៅខេត្តសៀមរាប និង៥នៅខេត្តបន្ទាយមានជ័យបន្តទៀត ៕