(កំពង់ចាម)៖ បន្ទាប់ពីទទួលបានជោគជ័យចំនួន០៥គម្រោងរបស់ក្រុមហ៊ុន យៀក ថាយ គ្រុប នៅក្នុងប្រទេសកម្ពុជា ក៏បានបន្តបោះជំហានមក វិនិយោគសាងសង់ សំណង់ផ្ទះល្វែង វីឡា ផ្សារទំនើប សាលារៀន ពិភពកម្សាន្ត ដ៏ធំបំផុត សួនទឹក ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងបានបើកសម្ពោធកាត់ខ្សែបូ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់អតិថិជនជាច្រើនផងដែរ។
លោក អ៊ាប ម៉ុងហ៊ាង រស់នៅក្រុងកំពង់ចាម បានរៀបរាប់ថា លោកបានចូលរួមក្នុងកម្មវិធីខាងលើ បានឃើញពីទិដ្ឋភាពក្នុងគម្រោងមានជាច្រើនបែប ដែលនេះជាការបោះទុនមួយធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានការរីកចម្រើនសំបូរបែប បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនផ្សេងឃើញថាក្រុមហ៊ុន យៀក ថាយ គ្រុប ពិតជាធំជាងគេ ដែលលោកចាប់អារម្មណ៍ឃើញមានសាលារៀន លំដាប់អន្តរជាតិ កន្លែងជួលសម្រាប់អាពាហ៍ពិពាហ៍ដ៏ទូលាយ ព្រោះថានៅក្រុងកំពង់ចាមសព្វថ្ងៃ មិនទាន់មាននៅឡើយ ហើយលោកកំពុងតែពិចារណា ក្នុងពេលខាងមុខនឹងគ្រោងទិញផ្ទះថ្មមួយល្វែងដែលអាចធ្វើអាជីវកម្មរកស៊ី លក់ដូរបានសម្រាប់ដោះស្រាយជីវភាពគ្រួសារ។
យុវជនឈ្មោះ ដៀប សៀកឡេង បានប្រាប់ទាំងញញឹមថា រូបគេបានមកចូលរួមកម្មវិធីសម្ពោធបើកសាខា របស់ក្រុមហ៊ុនខាងលើ នៅក្រុងកំពង់ចាម ជាមួយមិត្តភក្តិ ដោយបានស្តាប់សហការីរបស់ក្រុមហ៊ុនពន្យល់បានយ៉ាងល្អ ប្រកដោយទឹកមុខរួសរាយរាក់ទាក់។ សម្រាប់រូបគេផ្ទាល់ក្នុងពេល ខាងមុខចង់បានផ្ទះថ្ម មួយល្វែងសម្រាប់រស់នៅដោយការបង់រំលោះប្រើពេលពី១០ ទៅ១៥ឆ្នាំ នេះជាលទ្ធភាពរបស់គេ ហើយអនាគតក្រុងកំពង់ចាម នឹងកាន់តែមានភាពអ៊ូអរផងដែរ។
កញ្ញា ម៉ិច ចិន្តា តំណាងក្រុមហ៊ុន យៀក ថាយ គ្រុប បានឲ្យដឹងថា ក្រុមហ៊ុននេះ មានប្រភពដើមមកពីប្រទេសចិន ដែលនៅទីនោះវិស័យសំណង់ទទួលបាន ជោគជ័យជាង១០០គម្រោងមកហើយ និងបានមកវិនិយោគនៅប្រទេសកម្ពុជា ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន។ កញ្ញាបានបន្តថា សម្រាប់វិស័យសំណង់ ដែលស្ថិតនៅចំណ្តាលក្រុងកំពង់ចាម ក្នុងនោះរួមមាន ផ្ទះល្វែង វីឡាភ្លោះ ផ្សារទំនើបចំនួន២ជាន់សង់លើផ្ទៃដី ចំនួន៣ម៉ឺនម៉ែត្រការ៉េ អគារធំសម្រាប់ជួលប្រជុំ រៀបអាពាហ៍ពិពាហ៍ និងគម្រោងជាច្រើនទៀត។
ភាពជោគជ័យចំនួន០៥គម្រោងធំៗ នៅក្នុងប្រទេសកម្ពុជា និងបានបោះជំហានមកកាន់ក្រុងកំពង់ចាម ជាគម្រោងទី០៦ និងមានផែនការពង្រីកទៅកាន់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ នៅក្នុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សំណង់ចាប់ផ្តើមបុកគ្រឹះបើកការដ្ឋាន ដោយប្រើពេលចំនួន០២ឆ្នាំ នឹងចេញជារូបរាង ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្រុងកំពង់ចាម និងកន្លែងផ្សេងៗទៀត ឲ្យមានការរីកចម្រើនដូចនៅប្រទេសគេដែរ។
សូមជម្រាបថា ក្រុមហ៊ុន យៀក ថាយ គ្រុប បានពង្រីកសក្ដានុពលរបស់ខ្លួនមិនត្រឹមតែក្នុង រាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងប្រទេសកម្ពុជាតែម្ដង។ ចាប់តាំងពីក្រុមហ៊ុន យៀក ថាយ គ្រុប បានចុះសិក្សានៅខេត្តកំពង់ចាមរួចមក ក្រុមហ៊ុននេះមានគម្រោងកែប្រែមុខមាត់ថ្មី របស់ខេត្តនេះ។ ក្រុមហ៊ុន យៀក ថាយ គ្រុប បានប្រកាសថានឹងប្រែក្លាយទឹកដីខេត្តកំពង់ចាម ទៅជាទីក្រុងថ្មីមួយដែលជាទឹកដីសុវណ្ណភូមិរបស់ខេត្តនាពេលអនាគត។
គម្រោងនេះនឹងប្រើប្រាស់ដីទំហំ៨០០មូរ (ខ្នាតផ្ទៃដីរបស់ចិន) ដែលក្នុងនោះ ផ្ទៃដីសាងសង់សរុបដល់ទៅជិត៦០ម៉ឺនម៉ែត្រការ៉េ។ ទីក្រុងថ្មីនេះ ជាគម្រោង ដែលមានរចនាសម្ព័ន្ធសម្បូរបែប ជាបណ្តុំនៃលំនៅឋានវីឡា ពាណិជ្ជកម្ម អាជីវកម្ម ទេសចរណ៍ វប្បធម៌ សាលារៀន និងមន្ទីរពេទ្យ។ ដើម្បីបំពេញតម្រូវការក្នុងការ រស់នៅ និងតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងខេត្តកំពង់ចាម រួមទាំងខេត្តនៅជុំវិញតំបន់នោះ ក្រុមហ៊ុន យៀក ថាយ គ្រុប នឹងដើរតួជាទីក្រុងពហុមុខងារ ដែលមានដូចជា វិថីពាណិជ្ជកម្មថ្មើរ ផ្ទះល្វែងប្រកបអាជីវកម្មម៉ូតទាន់សម័យ វីឡាទោល មានសួនច្បារឯកជន សួនទឹកកម្សាន្ត ផ្សារទំនើបធំជាងគេទីមួយ នៅខេត្តកំពង់ចាម សួនឧស្សាហកម្ម ព្រមទាំងសាលារៀនលំដាប់អន្តរជាតិ។
គម្រោងនេះ ក៏មានសេវាកម្មថែទាំអចលនទ្រព្យលំដាប់ផ្កាយ៥ផងដែរ របស់ក្រុមការងារមានបទពិសោធន៍ ក្នុងសណ្ឋាគារ PHNOM PENH WHITE SWAN ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ មានកេរ្តិ៍ឈ្មោះល្បីរបស់ក្រុមហ៊ុន អន្តរជាតិ យៀក ថាយ គ្រុប។ ក្រុមហ៊ុន យៀក ថាយ គ្រុប នឹងបង្កើតគម្រោងដ៏ធំ នៅក្រុងកំពង់ចាម ដោយសម្រិតសម្រាំងនូវបទពិសោធន៍ស្ថាបត្យកម្មសំណង់ និងរចនាបទ គួបផ្សំហេដ្ឋារចនាសម្ព័ន្ធ ទេព្យកោសល្យក្នុងវិស័យនគរូបនីយកម្ម ដើម្បីធ្វើឲ្យប្រជាជនកម្ពុជា ទាំងក្នុងតំបន់ជនជាតិចិន ព្រមទាំងជនបរទេសមានការភ្ញាក់ផ្អើលកាល ពីព្រះរាជពិធីបុណ្យអុំទូកបានកន្លងផុត៕