(ភ្នំពេញ)៖ ដោយសារតែលោក សម រង្ស៊ី គ្មានឈ្មោះក្នុងចំណោមមនុស្ស១១៨នាក់ ដែលនឹងត្រូវទទួលបានសិទ្ធធ្វើនយោបាយឡើងវិញនិងក៏ដើម្បីតែមហិច្ឆតាចង់បន្តដង្ហើមនយោបាយដែលខ្លួនបានសម្លាប់បាត់ទៅហើយ ដោយផ្ទាល់ដៃតាមរយៈនយោបាយអត្តឃាត របស់ខ្លួននោះ លោកសម រង្ស៊ី ស្រាប់តែមកស្រែកអំពាវនាវដោយឥតអៀនខ្មាសឲ្យគេឯងជួយស្រែកបន្ធរតាមថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»។
ស្ថានភាពរបស់ សម រង្ស៊ី ពេលនេះមិនខុសឡើយពីមនុស្ស ដុតផ្ទះខ្លួនឯងហើយ បែរមកស្រែកឆោឡោឲ្យគេឯងជួយពន្លត់! វាយបំបែកពាងទឹកខ្លួនឯងហើយ ខំយកដៃផង ជើងផង ទប់ទឹកកុំឲ្យហូរចេញពីពាង!។
សម្រាប់លោក សម រង្ស៊ី ខ្ញុំកត់ សំគាល់តាំងពីពេលខ្ញុំជាសកម្មជនជាង១០ឆ្នាំក្នុងបក្ស សម រង្ស៊ី រាល់ពេលដែលគាត់បរាជ័យក្នុងការធ្វើនយោបាយដោយសារ តែភាពអន់ខ្សោយទាំងខាងបញ្ញា និងយុទ្ធសាស្ត្រគួបផ្សំនឹងការគ្រប់គ្រងអារម្មណ៍ខ្លួនមិនបាន ហើយដែលបានធ្វើឲ្យសកម្មជន និងអ្នកគាំទ្រដើរចេញជាបន្តបន្ទាប់ ពេលនោះគាត់តែងតែស្រែកថា មកពីគេបំបែក គេទិញក្បាលមន្ត្រី និងសកម្មជនរបស់ខ្លួន។ រីឯមន្ត្រីសកម្មជន ដែលដើរចេញដោយសារតែការមិនពេញចិត្តចំពោះទង្វើផ្តាច់ការរបស់ច្លួនគាត់នោះ ត្រូវបាន សម រង្ស៊ី លាបពណ៌ថា ជាជន
ក្បត់បក្ស ឬលក់ក្បាលជាដើម។ ជាងពីរទសវត្សរ៍ក្នុងដំណើរនយោបាយរបស់គាត់ សម រង្ស៊ី មិនដែលបានបង្ហាញពីការលូតលាស់ខាងបញ្ញាស្មារតី និងខាងយុទ្ធសាស្ត្រនយោបាយ សូម្បីតែបន្តិចក៏គ្មានដែរ ពោលគឺ គាត់ប្រើល្បិចដដែលៗដោយមិនកែប្រែឡើយ។ ល្បិចនោះគឺ បើគាត់ធ្វើខុស គាត់ព្យាយាម ទម្លាក់កំហុសនោះទៅឲ្យអ្នកដទៃ ហើយបន្ទាប់មកគាត់បំភ្លៃ ដើម្បីបោកប្រាស់ និងភូតកុហកអ្នកគាំទ្ររបស់គាត់។ ល្បិចនេះគាត់ប្រើជាង ២០ឆ្នាំមកហើយ ទាំងនៅ ក្នុងនិងក្រៅប្រទេស។
ជាក់ស្តែងពេលនេះ ល្បិចភូតកុហកតាមរបៀប «ចោរស្រែក ឲ្យគេចាប់ចោរ» ត្រូវបាន សម រង្ស៊ី បង្កើតឡើងជាថ្មីម្តងទៀត។ ល្បិចភូតកុហកនោះធ្វើឡើងតាមរយៈការស្រែកអំពាវនាវអោយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនជួយបន្ធរថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ដោយគាត់ធ្វើជាទម្លាក់កំហុសទៅលើគណបក្សកាន់អំណាច ជាពិសេសទៅលើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកព្យាយាមបំបែករូបគាត់ចេញពីលោក កឹម សុខា។ ឥឡូវនេះ សូមយើងពិនិត្យមើលល្បិចដ៏រាក់កំផែលរបស់ សម រង្ស៊ី។ ពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» គឺគ្មានការពិត នោះទេ ប៉ុន្តែវាគឺជាការបោកប្រាស់ទាំងស្រុងព្រោះមានហេតុផលច្រើនយ៉ាងដែលខ្ញុំអាច និយាយបានដូច្នេះ?
ហេតុផលទី១៖ នរណាក៏ដឹងដែរថា គឺ សម រង្ស៊ី នេះហើយដែលជាអ្នកធាក់លោក កឹម សុខា ចេញពីគាត់តាមរយៈព្រឹត្តិការណ៍បក្សប្រហារនៅអាត្លង់តា ថ្ងៃ ២ធ្នូ ២០១៨ នៅលើទឹកដីសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះត្រូវបានក្រុមអ្នក កឹម សុខា និយម ចាត់ទុកជារឿងដ៏សោកសៅ បំផុតក្នុងប្រវត្តិសាស្ត្រ នយោបាយរបស់ខ្លួនដែលពួកគេមិនដែលនឹកស្មានថា លោក សម រង្ស៊ី ហ៊ានរហូតដល់បំពានលក្ខន្តិកៈបក្សយ៉ាងធ្ងន់ធ្ងរ ព្រោះតែចង់បានតំណែងមកវិញ។ ចាប់ពីពេលនោះហើយដែលសម្ព័ន្ធភាព សម រង្ស៊ី - កឹម សុខា ត្រូវបានបែកបាក់ទាំងស្រុងបន្ទាប់ពីស្នាមប្រះស្រាំ បានបៀមទុកអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើ សម រង្ស៊ី ចង់រក្សាសម្ព័ន្ធភាពជាមួយ កឹម សុខា ម្លេះសម គាត់មិនចាំបាច់រៀបចំធ្វើបក្សប្រហារទាំងតក់ក្រហល់ខណៈដែលភាគីខាងលោក កឹម សុខា ជំទាស់មិនទទួលស្គាល់យ៉ាងដូច្នេះទេ។ ដូច្នេះ តើឯណា ទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ហេតុផលទី២៖ គេនៅចាំបានថា សម រង្ស៊ី ដែលបបួលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្បថរឿងការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពនោះក៏ជាល្បិចរបស់លោក សម រង្ស៊ី ដែលមិនចង់ឲ្យលោក កឹម សុខា មានសេរីភាពដែរដើម្បីគាត់មានពេលរៀបចំដណ្តើមអំណាច ដោយគាត់មិនចង់ឲ្យលោក កឹម សុខា មកដឹកនាំបក្សវិញទេ។ តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ហេតុផលទី៣៖ ក្រោយពេលព្រឹត្តិការណ៍ដណ្តើមអំណាចបក្សខ្មោចពីលោក កឹម សុខា នៅអាត្លង់តា សម រង្ស៊ី បានប្រមាថ លោក កឹម សុខា យ៉ាងខ្លាំង និង យ៉ាងចំហដោយប្រកាសថា ពាក្យសម្តី លោក កឹម សុខា តាមរយៈមេធាវី ឬកូនស្រីបង្កើតរបស់ កឹម សុខា យកជាការ មិនបានឡើយ។ សម្តីរបស់លោក សម រង្ស៊ី បានធ្វើឲ្យលោក កឹម សុខា និងអ្នកគាំទ្រឈឺចុកចាប់យ៉ាងខ្លាំង។ តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ហេតុផលទី៤៖ ក្នុងប្រវត្តិនយោបាយ លោក សម រង្ស៊ី និងលោក កឹម សុខា មិនដែលត្រូវគ្នាទេ។ ចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរកើតឡើងដោយការចាប់បង្ខំពីសំណាក់ ចៅហ្វាយបរទេសតែប៉ុណ្ណោះ។ ដូច្នេះ លោក សម រង្ស៊ី និងអ្នក សម រង្ស៊ី និយមមិនដែលសប្បាយឡើយក្នុងការដាក់ហ៊ុនចូលជាមួយលោក កឹម សុខា ពីព្រោះទីបំផុតទៅ អ្នកមាន ២៦ ហ៊ុន និង ម្នាក់ទៀតមានតែ ៣ ហ៊ុន ស្រាប់តែចែកផលចំណេញស្មើគ្នា។ មិនត្រឹមតែស្មើ គ្នាប៉ុណ្ណោះទេ តែចុងក្រោយអ្នកមាន៣ភាគហ៊ុនជាអ្នកក្តោបក្តាប់ក្រុមហ៊ុនទាំងមូល ខណៈដែលអ្នកធ្លាប់មាន២៦ហ៊ុន អស់រលីងពីខ្លួន ហើយជំពាក់គេវ័ណ្ឌករត់ចោលស្រុកទៀត។ បើយ៉ាងនេះ តើឲ្យ លោក សម រង្ស៊ី នៅស្ងៀមម្តេចបាន? គឺត្រូវតែរកវិធីកម្ចាត់លោក កឹម សុខា ចេញពីតំណែងហើយ។
ហេតុផលទី៥៖ ក្រោយពេលធ្វើបក្សប្រហារហើយ សម រង្ស៊ី ជួបនឹងបរាជ័យម្តងទៀតក្នុងការស្វះស្វែងរកសំឡេងគាំទ្រដើម្បីឲ្យគាត់ក្លាយជាប្រធានស្តីទីពេញលេញ។ ប៉ុន្តែគាត់មិនអាចរកបានទេ ទាំងក្នុងចំណោមអនុប្រធានអតីតបក្សសង្គ្រោះជាតិ - ទាំងក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មការចំពោះកិច្ចដោយសារភាគីខាងលោក កឹម សុខា មិនទទួលស្គាល់។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី នៅតែមុខក្រាសប្រកាសយកតំណែងខ្យល់ដែលគាត់ប្លន់ពីលោក កឹម សុខា ដដែល។ តើឯណាទៅពាក្យថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»?
ដោយយល់ឃើញថា គាត់បានធ្វើកំហុសយ៉ាងធំធេង និងដើម្បីលួងលោម បំពេរអារម្មណ៍អ្នក លង់ជឿគាត់មួយក្តាប់តូច សម រង្ស៊ី ក៏បានបន្តចងភ្ជាប់មនុស្សដែលគាត់ធាក់ចេញនោះ ជាមួយខ្លួនគាត់ដដែលគឺលោក កឹម សុខា នេះឯង។ សម រង្ស៊ី ដឹងច្បាស់ណាស់ថា ខ្លួនគាត់ម្នាក់ឯងស្រាលដូចសំឡី សាបដូចទឹកទន្លេ ដែលមិនអាចទាក់ទាញអ្នកគាំទ្របានច្រើនទេ។ ដូច្នេះ វិធីតែមួយគត់ គាត់ត្រូវតែភ្ជាប់ខ្លួនជាមួយលោក កឹម សុខា ហើយទម្លាក់កំហុសទៅលើបក្សកាន់អំណាចថា ជាអ្នកបំបែកគាត់ ពីលោក កឹម សុខា។ ប៉ុន្តែបើ សម រង្ស៊ី ឆែកមើលអ្នកចូល Comment តាមហ្វេសប៊ុក គាត់នឹងដឹងច្បាស់ថា ក្រឡាគាត់អស់អីចាក់ហើយ។
ពេលនេះ សម រង្ស៊ី គ្រាន់តែជាមាន់សំឡីមួយក្បាលដ៏កំសាកតែប៉ុណ្ណោះ។ គ្មានអ្នកណាចាប់អារម្មណ៍លើគាត់ទៀតឡើយ។ សូមចងចាំទុកចុះថា អ្នកបាចអង្កាមបញ្ច្រាសខ្យល់គឺអង្កាមនឹងចូលភ្នែក អ្នកនោះវិញ។ ករណីលោក សម រង្ស៊ី ពេលនេះជាឧទាហរណ៍ស្រាប់។ ពេលនេះ ចំណងអាពាហ៍ពិពាហ៍ដោយការចាប់បង្ខំ រវាងសម រង្ស៊ី និងកឹម សុខា ពិតជាបែកបាក់គ្នាដែលមិនអាចចុះសម្រុង គ្នាទៀត បានឡើយហើយដែលនេះក៍ដោយសារ ស្នាដៃលោក សម រង្ស៊ីដែរ។
សូមស្តាប់សំដីលោក កឹម សុខា ប្រដៅឌៀមដាមឲ្យលោក សម រង្ស៊ី មុនពេលមេបាចាប់បង្ខំអោយចូលរោងការ !
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ