(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ច ប្រជុំអនុគណៈកម្មការរៀបចំផែនការ និងបាញ់កាំជ្រួច នៃគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យការងារចុងក្រោយ នៃការរៀបចំសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល និងការអនុវត្តន៍ប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅវិមានមិត្តភាពកម្ពុជា-ចិន ក្នុងពិធីប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិកអនុគណៈកម្មការ យ៉ាងច្រើនកុះករផងដែរ។
ខណៈនៅសល់តែ៦ថ្ងៃទៀត ជាថ្ងៃប្រារព្ធពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ និងនយោបាយឈ្នះ-ឈ្នះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានប្រឹងប្រែងដុតដៃដុតជើង ដើម្បៅធ្វើយ៉ាងឱ្យការរៀបចំពិធីជាប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តិទៅដោយរលូន និងសាកសមបំផុតនូវការលះបង់គ្រប់បែបយ៉ាង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកជីវិតទៅធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាពជូនប្រជាពលខ្មែរ និងធ្វើប្រជាទេសជាតិទាំងមូលឱ្យទទួលបានឯកភាពទឹកដី នៅឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្ដើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ-ឈ្នះ ផងដែរ ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សំណង់វិមានឈ្នះ-ឈ្នះ នេះតំណាងឱ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្ដួលរំលំ របបប្រល័យពូជសាសន៍ «ប៉ុល ពត»។ មួយវិញទៀត ការសាងសង់វិមាន ឈ្នះឈ្នះ គឺជានិម្មិតរូប នៃសុខសន្តិភាព ដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។
បើតាមនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា សម្រាប់រូបចម្លាក់ដែលឆ្លាក់ព័ទ្ធជុំវិញនៃវិមាន គឺភាគច្រើននិយាយអំពី ប្រវត្តិសាស្ត្រកម្ពុជា ក្នុងអំឡុងទសវត្សរ៍ ៨០ និង៩០ ជាពិសេស គឺនិយាយអំពីដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តផ្សេងទៀត ដែលបានចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម មកជួយរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» និងដំណើររឿងរបស់កម្ពុជា ចាប់តាំងពីទសវត្សរ៍ទី៧០ រហូតមកដល់សព្វថ្ងៃនេះជាដើម៕