(ពោធិ៍សាត់)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាពេលថ្មីៗនេះ បានថ្លែងថា នារីកម្ពុជាទាំងអស់ ពិតជាគោរពដឹងគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់យុទ្ធនារី កាលពីសម័យ១៩៧៨ រហូតមកដល់បច្ចុប្បន្ន ដែលបានលះបង់អាយុជីវិត ដើម្បីជាតិ និងមាតុភូមិ ព្រមទាំងបានគោរពកោតសរសើរ ចំពោះការចូលរួមចំណែកយ៉ាងខ្លាំងក្លា របស់បងប្អូននារីគ្រប់ជាន់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់ ដើម្បីសមិទ្ធផលជាប្រយោជន៍ និងការរីកចម្រើនរបស់ស្ត្រី និងកុមារ។
លោកស្រី មាន សំអាន បានថ្លែងបែបនេះ នៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រានី ហ៊ុនសែន ក្នុងខួបលើកទី៤០ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ «០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៨» ដោយមានការចូលរួមពីលោក ឈុន សុង ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខា លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាសមាគមនារីកម្ពុជា ព្រមទាំងសមាជិកាសមាគមនារីខេត្ត ស្រុក យុវជនស.យ.ស.ស និងយុវជន ស.ស.យ.ក ខេត្តយ៉ាងច្រើនកុះករ។
លោកស្រី មាន សំអាន បានថ្លែងឲ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៧៨ មកដល់បច្ចុប្បន្ន សមាគមនារីបានផ្លាស់ប្តូរឈ្មោះ ៥លើករួចមកហើយ ហើយការផ្លាស់ប្តូរនេះ ធ្វើឡើងស្របទៅតាមកាលៈទេសៈ និងការវិវត្តន៍ជាក់ស្តែង នៃស្ថានភាពនយោបាយ និងការរីកចម្រើនធំធាត់របស់ចលនានារី។ ឈ្មោះដើមគឺ «សមាគមនារីសង្គ្រោះជាតិកម្ពុជា», នៅឆ្នាំ១៩៨១ បានកំណត់ឈ្មោះ «សមាគមសម្ព័ន្ធនារីកម្ពុជា», ឆ្នាំ១៩៨៣ មានឈ្មោះ «សមាគមនារីបដិវត្តកម្ពុជា» នៅឆ្នាំ១៩៨៨ ឈ្មោះ «សមាគមនារីកម្ពុជា»និងនៅឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន បានសម្រេចប្តូរឈ្មោះមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍»។ ដូច្នេះយើងដឹងហើយថា ថ្ងៃ២ ធ្នូ ១៩៧៨ គឺជាថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលគិតមកដល់ពេលនេះ មានរយៈពេល៤០ឆ្នាំត្រឹម។
លោកស្រីបន្ថែមថា សមាគមនារី គឺជាអង្គការចាត់តាំងមួយ ដែលមានរចនាសម្ព័ន្ធចាត់តាំង ពីថ្នាក់កណ្តាល រហូតដល់មូលដ្ឋាន និងមានសកម្មជននារីរាប់លាននាក់។ ជាមួយគ្នានោះសមាគមនារីបានដាក់ចេញ នូវចលនាប្រឡងប្រណាំង៥ល្អមាន៖ ១-បង្កបង្កើនផល ធ្វើពលកម្ម និងធ្វើការងារបានល្អ ២-សកម្មភាពកសាងកងកម្លាំងប្រដាប់អាវុធ និងស្វ័យការពារល្អ ៣-សាមគ្គីជាតិ និងអន្តរជាតិល្អ ៤-រៀនសូត្រ វប្បធម៌ បច្ចេកទេសល្អ និង៥-រៀបចំគ្រួសារមានសណ្តាប់ធ្នាប់ ចិញ្ចឹមនិងអប់រំប្រៀនប្រដៅកូនល្អ។
លោកស្រីបានថ្លែងទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគោរពដឹងគុណ ហើយបានចាត់ទុកថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចសង្គម និងបានបង្កើនសំណាញ់សុវត្ថិភាព សំដៅធានាកម្រិតជីវភាពរស់នៅ ប្រកបដោយសុខដុមរមនាជាមួយគ្រួសារ និងសង្គមជាតិទៀតផង។
ជាក់ស្តែង ដូចជាលោក ម៉ៅ ធនិន បានថ្លែងថា ស្ត្រីគឺជាជាងចម្លាក់ ដែលឆ្លាក់ និងហាត់ពត់លុតដំកូនក្រោមដំបូលន្មានឲ្យល្អ ក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។ នៅចំពោះមុខសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រីបានកំណត់ទស្សនៈវិស័យកម្មវិធីធំៗ គឺអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់សុខភាព ស្ត្រី កុមារ អភិបាលកិច្ចល្អ និងកម្មវិធីគ្រប់គ្រង និងការពារបរិស្ថាន៕