(ភ្នំពេញ)៖ លោក វ៉ាង វិនធៀន (Wang wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានកោតសសើរចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសសម្តេចបានគិតគូរអំពីបញ្ហាអគ្គិសនីនៅកម្ពុជា រហូតមានការបញ្ចុះតម្លៃអគ្គិសនី ចាប់ពីដើមឆ្នាំ២០១៩នេះតទៅ។
ការលើកឡើងរបស់លោក វ៉ាង វិនធៀន បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំ គណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅវិមានមិត្តភាពកម្ពុជា-ចិន។
នៅក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានទិញអង្ករកម្ពុជាចំនួន៣០ម៉ឺនតោន ក្នុងឆ្នាំ២០១៨ និងបានចុះអនុស្សារណៈ ទិញផ្លែចេកពីកម្ពុជា ក្នុងពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យប្រទេសចិន ជួយទិញម្រេច ស្វាយ និងផលិតផលកសិកម្មមួយចំនួនទៀតផងដែរ។
អតីតប្រមុខការទូតកម្ពុជារូបនេះ ក៏បានលើកឡើងអំពីលទ្ធផល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គកន្លងទៅថ្មីៗនេះ ព្រមទាំងលើកឡើង ពីចំនួនភ្ញៀវទេសចរចិន ដែលបានមកទស្សនានៅកម្ពុជា មានចំនួន១,៨លាននាក់ ក្នុងឆ្នាំ២០១៨នេះ នឹងកើនឡើងជាង២លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខ។
សូមជម្រាបថា នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលចិន ជានិច្ចកាលតែងតែងគាំទ្រកម្ពុជា លើស្ថានភាពនយោបាយ ឯករាជភាព អធិបតេយ្យភាព ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសបន្តជ្រោមជ្រែងកម្ពុជា ដើម្បីឱ្យមានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ ផងដែរ៕