(ភ្នំពេញ)៖ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ចំពោះក្រុមអតីតសិស្សសាលាបាក់ទូក ជំនាន់ឆ្នាំ១៩៨០-១៩៨៩ ប្រមាណជាង៣០០នាក់ ដែលបានរួបរួមគ្នាប្រារព្ធពិធីជួបជុំ ពិសាបាយសាមគ្គី និងសម្តែងការដឹងគុណចំពោះ អតីតគ្រូបង្រៀនចាស់ៗ នៃសាលាបាក់ទូក ដែលចូលនិវត្តន៍ចំនួន៣៨រូប។
នៅក្នុងពិធីជួបជុំ ដ៏កម្រមានមួយនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ គេសង្កេតឃើញមិត្ត នៃសាលាបាក់ទូក វ័យកណ្តាលទាំងជាង៣០០នាក់ បានរាក់ទាក់ស្និតស្នាលគ្នា ប្រកបដោយ ភាពរីករាយ ព្រមជាមួយសំឡេងសើចក្អាកក្អាយ កាយវិកាសប្បាយចម្រុះ ទាំងគ្រូទាំងសិស្ស ប្រៀបដូចជាគ្រួសារតែមួយ។ អ្វីដែលពិសេសបំផុត គឺមិត្តរួមជំនាន់ម្នាក់ៗ បានសម្តែងការនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រឹទ្ធាចារ្យដែលជាអតីតគ្រូធ្លាប់អប់រំទូន្មានបង្រៀនពួកគេ ដោយទឹកចិត្ត ស្មោះស ពួកគេចាត់ថា លោកគ្រូអ្នកគ្រូទាំងអស់ គឺជាឪពុកម្តាយទី២ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ស្ទើរមួយជីវិត បំពេញនូវកាតព្វកិច្ច ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នោះគឺការផ្តល់នូវចំណេះវិជ្ជា ជូនដល់កូនសិស្សគ្រប់គ្នា រហូតមានសិស្សខ្លះបានធ្វើការធំ សិស្សខ្លះបានក្លាយជាឧកញ៉ា សិស្សខ្លះធ្វើជាមន្ត្រីរាជការ និងសិស្សខ្លះទៀតជាអ្នករកស៊ីធម្មតា តាមលំដាប់តែគ្រូនៅតែជាគ្រូបង្រៀន រហូតដល់ថ្ងៃចូលនិវត្សន៍។
សកម្មភាពប្រមូលផ្តុំរួមសាមគ្គីគ្នា របស់អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ ពុំមែនកើតឡើងដោយងាយស្រួលទេ គឺកើតចេញពីគំនិតផ្តួចផ្តើម របស់លោក រ័ត្ន ស្រ៊ាង ដែលបានប្រមែប្រមូលមិត្តរួមជំនាន់ជាមួយគ្នា ព្រមទាំងលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀន កាលរៀននៅសាលាបាក់ទូក ក្នុងអំឡូងឆ្នាំ១៩៨០-១៩៨៩ មកចងក្រងជាក្រុមមួយ តាមបណ្តាញទំនាក់ទំនង What's App ក្នុងគោលបំណង បានជុំគ្នាឡើងវិញរំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក និងអាចជួយទុក្ខធុរៈគ្នា នៅពេលដែលមិត្តឬគ្រូណាម្នាក់ មានអាសន្នអន់ក្រឬជួបទុក្ខលំបាកផងដែរ។
ការផ្តួចផ្តើមរបស់លោក រ័ត្ន ស្រ៊ាង ព្រមជាមួយការចង្អុលបង្ហាញណែនាំពីមិត្តភ័ក្រតៗគ្នា បានធ្វើឲ្យក្រុមអតីតសិស្សសាលាបាក់ទូកមួយនេះ បានធ្វើការទំនាក់ទំនងគ្នាយ៉ាងជិតស្និត ទាំងអ្នកនៅក្នុងប្រទេស និងនៅក្រៅប្រទេស ឆ្លងទ្វីបជុំវិញពិភពលោក រហូតបានជាង៣០០នាក់ និងបានរួមគ្នា បង្កើតព្រឹត្តិការណ៍សមូហភាពជាច្រើន ក្នុងរយៈពេល២ឆ្នាំ តាមរយៈការគៀងគរថវិកាផ្ទាល់ខ្លួនចូលគ្នា បានរហូតដល់ទៅ ជាង១០ម៉ឺនដុល្លារ យកទៅជូនអតីតលោកគ្រូ អ្នកគ្រូផង ជួយមិត្តជួបការលំបាកផង និងបានកសាងសមិទ្ធផលមួយចំនួនក្នុងសាលាបាក់ទូកផង។
ការជួបជុំប្រកបដោយភាពស្និតស្នាល ព្រមជាមួយការឈឺឆ្អាលជួយគ្នាទៅវិញទៅមក របស់មិត្តរួមជំនាន់សាលាបាក់ទូក មួយក្រុមនេះ បានធ្វើឲ្យពួកគេ បង្កើតជាពាក្យស្លោកតំណាងក្រុមមួយថា «សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក» ហើយពួកគេថែមទាំងបានប្តេជ្ញាគ្នាថា នឹងរៀបចំ ឲ្យមានពិធីជួយជុំពិសាបាយសាមគ្គី និងសម្តែងការដឹងគុណអតីតលោកគ្រូអ្នកគ្រូ ជារៀងរាល់ឆ្នាំ៕