(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានផ្ញើលិខិតជូនលោកអភិបាលរាជធានីភ្នំពេញ ស្នើសុំជួយអន្តរាគមន៍ទៅក្រសួងធម្មការ និងសាសនា ឲ្យបញ្ឈប់សកម្មភាពក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យសម្របសម្រួលការរំកិលឈាបនដ្ឋានចាស់ ចេញពីវត្តពោធិព្រឹក្ស និងសាងសង់ឈាបនដ្ឋានថ្មី ស្ថិតនៅចំណុចស្ពានទី៥ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នៅក្នុងលិខិត លោកអភិបាលខណ្ឌ បានរៀបរាប់ថា ទីតាំងវត្តពោធិព្រឹក្ស (ហៅវត្តខ្ទរ) ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ត្រូវបានរាជរដ្ឋាភិបាល សម្រេចរក្សាទុកទីតាំងនេះឲ្យនៅដដែល រួមទាំងតម្រូវឲ្យសាលារាជធានីភ្នំពេញ អភិវឌ្ឍន៍តំបន់នេះ និងចូលរួមកសាងសមិទ្ធផលផ្សេងៗ តាមការសំណូមពររបស់ប្រជាពលរដ្ឋ និងធ្វើប័ណ្ណកម្មសិទ្ធជូនវត្តផងដែរ។
ក្រោយពីទទួលបានកម្មសិទ្ធិ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥រួចមក ព្រះសង្ឃ គណៈកម្មាការវត្ត និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត រួមទាំងប្រជាពលរដ្ឋទូទាំងភូមិខ្ទរ មានភាពសប្បាយ រីករាយសារទរក្រៃលែង និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែ យកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្នទីតាំងដីនេះ បានក្លាយជាទ្រព្យសម្បត្តិគរុភ័ណ្ឌរបស់វត្ត ហើយគណៈកម្មាការវត្ត បានធ្វើបុណ្យផ្ការសាមគ្គី ដើម្បីប្រមូលបច័្ចយមកទិញដី ចាក់បំពេញបានតែមួយផ្នែកតូច និងបានសង់របង់ស័ង្គសីព័ន្ធជុំវិញផងដែរ។
នៅក្នុងលិខិតនោះ បានបញ្ជាក់ទៀតថា ស្រាប់តែពេលថ្មីៗនេះ គណៈកម្មាការវត្តពោធិព្រឹក្ស ហៅ (វត្តខ្ទរ) បានទទួលលិខិតបង្គាប់ការមួយរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការបង្កើតក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យសម្របសម្រួលការរំកិលឈាបនដ្ឋានចាស់ចេញ និងសាងសង់ឈាបនដ្ឋានថ្មី ស្ថិតនៅចំណុចស្ពានទី៥ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ហើយគណៈកម្មាការវត្ត ក៏បានធ្វើការផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ មានការខឹងសម្បារ និងប្រតិកម្មយ៉ាងខ្លាំង អំពីខ្លឹមសារ នៃលិខិតខាងលើនេះ ដោយខ្លះទៀតមានប្រជាពលរដ្ឋ ត្រៀមធ្វើការប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាថ្មីម្តងទៀត ឈានដល់ការបិទផ្លូវជាតិ និងផ្ទុះហឹង្សាជាយថាហេតុ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាត្រៀមធ្វើការតវ៉ា ដោយឈរបិទផ្លូវជាតិលេខ៦ តែត្រូវបានអាជ្ញាធរសង្កាត់ ចុះធ្វើការសម្របសម្រួលទាន់ពេលវេលា និងមានការសន្យាច្បាស់លាស់ពីជំហររបស់អាជ្ញាធរ ទើបបងប្អូនយល់ព្រមរំសាយ។
លិខិតអន្តរាគមន៍ បានបញ្ជាក់ទៀតថា ដើម្បីជៀសវាងការកើតឡើងនូវអធិករណ៍ជាថ្មី ពាក់ព័ន្ធដីឈាបនដ្ឋានវត្តពោធិព្រឹក្ស (វត្តខ្ទរ) នេះ រដ្ឋបាលខណ្ឌ បានសូមសំណូមពរលោកអភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ទៅក្រសួងធម្មការ និងសាសនា ឲ្យបញ្ឈប់សកម្មភាពក្រុមការងារចម្រុះខាងលើជាបន្ទាន់ ហើយរកវិធីសាស្រ្តសម្របសម្រួលជាមួយប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ពីគោលបំណង ដែលចង់ធ្វើការអភិវឌ្ឍលើទីតាំងឈាបនដ្ឋានចាស់ឲ្យបានសមស្រប ទៅក្នុងន័យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចអ្វីដែលប្រជាពលរដ្ឋធ្លាប់បានសំណូមពរ គឺការសាងសង់សាលារៀន និងមន្ទីរពេទ្យ៕