(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីនៃកម្ពុជា បានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាល ធានាឲ្យបានសន្តិភាពជាអចិន្ត្រៃយ៍ និងស្ថិរភាពខាងនយោបាយ។
ការប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាមអង្គសន្និបាតទាំងមូល ខ្ញុំសូមប្រកាសជាឱឡារិក ចូលរួមជាមួយរាជរដ្ឋាភិបាល ធានាឲ្យបាននូវវត្តមាន ជាអចិន្ត្រៃយ៍នៃសន្តិភាព និងស្ថិរភាពខាងនយោបាយ»។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្និបាតរបស់ក្រសួងរៀបចំដែនដី ប្រព្រឹត្តទៅស្របពេលដែល ព្រះរាជាណាចក្រកម្ពុជា កំពុងត្រៀមរៀបចំប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី២០ នៃទិវានយោបាយឈ្នះ ឈ្នះ ២៩.ធ្នូ.១៩៩៨-២៩.ធ្នូ.២០១៨ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបាននាំដល់ការរំលាយទាំងស្រុង នៃអង្គការចាត់តាំងខាងនយោបាយ និងយោធាចុងក្រោយរបស់ខ្មែរក្រហម និងនាំមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោករដ្ឋមន្ត្រី ជា សុផារ៉ា សន្តិភាព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ បានបើកទំព័រប្រវត្តិសាស្ត្រថ្មី របស់កម្ពុជា និងជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជាតិកម្ពុជា ធ្វើដំណើរឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវិបុលភាព ចូលរួមចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងពិភពលោកផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ទាំងអស់ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដែលបានរួមចំណែក ផ្តល់ការគាំទ្រ ចំពោះរាល់សកម្មភាព ខិតខំប្រឹងប្រែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលកន្លងមកផងដែរ៕