(មណ្ឌលគិរី)៖ ស្មៀនបម្រើការនៅសង្កាត់រមនាម្នាក់ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជំនួសកៅអីអភិបាលរងក្រុងម្នាក់ ដែលផ្ទេរទៅបម្រើអង្គភាពផ្សេង។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានស្នើដល់អភិបាលរងក្រុងសែនមនោរម្យ រួមទាំងអាជ្ញាធរត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងគ្រប់គ្រងកាកសំណល់ឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យក្រុងសែនមនោរម្យមួយនេះ មានសោភ័ណ្ឌភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើង។
លោកអភិបាលខេត្ត នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅក្នុងខេត្តមណ្ឌលគីរី កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ អភិបាលក្រុង រួមទាំងអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទាំងអស់ ត្រូវចូលរួមសហការគ្នា គិតគូររៀបចំសណ្តាប់ធ្នាប់ ក៏ដូចជា ការរក្សាដីចំណីផ្លូវ និងការពង្រីកផ្លូវ ក្នុងក្រុងឲ្យបានធំទូលាយ ជាពិសេស ការគ្រប់គ្រងកាកសំណល់នានា និងការរៀបចំរមណីយដ្ឋាននានា។
លោកបន្ថែមទៀតថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងនាពេលនេះ ដើម្បីចូលរួមអនុវត្តការងារជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ។ ជាងនេះទៅទៀត លោកក៏ស្នើដល់អភិបាលរងក្រុង ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទ្វេដង និងត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទប្រកបដោយគុណភាព។
លោក ជ្រង ធីល អភិបាលរងក្រុង ទើបឡើងតួនាទីថ្មី បានប្តេជ្ញាចិត្តថា ត្រូវខិតខំប្រឹងប្រែងយ៉ាងសកម្មនូវ ឆន្ទះ មនៈសិកា ដើម្បីជាតិមាតុភូមិ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវគោរពតាមឋានានុក្រមការងារ ដែលថ្នាក់ដឹកនាំចាត់ចែង ប្រគល់ប្រតិកម្ម ផ្ទេរមុខងារ ការងារ ការធ្វើកំណែទម្រង់វិជ្ឈមការ វិសហមជ្ឈមការ តាមគោលការច្បាប់ លិខិតបទដ្ឋាន គតិយុទ្ធនានា និងច្បាប់លក្ខន្តិកៈជាមន្រ្តីរាជការ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ រៀនសូត្របន្ថែម ដកស្រង់បទពិសោធន៍ និងខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាបលរដ្ឋឱ្យបានល្អប្រសើរប្រកបស្មារតីទទួលខិសត្រូវខ្ពស់៕