(ភ្នំពេញ)៖ ចំណូលទទួលបានពីការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ បានជិត២០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានបង្ហាញ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ចំណូលទទួលបានពីការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ដែលមានចំនួនសរុប ៧៨,៥១៧,៦៧១,២៤៧រៀល ក្នុងនោះសេវានៅថ្នាក់កណ្តាលចំនួន ១១,១២៧,៦៨៥,២៦៨រៀល និងថ្នាក់រាជធានី ខេត្តចំនួន ៦៧,៣៨៩,៩៨៥,៩៧៩រៀល។

របាយការណ៍ដដែល បានបង្ហាញថា ការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយនេះ រួមមាន៖ គម្រោងស្នើសុំសរុបចំនួន ១៨៤,១៩៤គម្រោង ក្នុងនោះថ្នាក់ក្រសួងមាន ៨៦៦គម្រោង និងថ្នាក់រាជធានី ខេត្ត មាន ១៨៣,៣២៨គម្រោង ហើយគម្រោងដែលបានអនុញ្ញាតរួចមានចំនួន ១៧៥,៩២៤គម្រោង ក្នុងនោះថ្នាក់ក្រសួងចំនួន ៧៩៨គម្រោង និងថ្នាក់រាជធានី ខេត្ត ចំនួន ១៧៥,១២៦គម្រោង។

សូមជំរាបថា ក្នុងឆ្នាំ២០១៨នេះ ចំណូលបានមកពីសេវាសុរិយោដី សេវាសំណង់ ពីការជួលទីតាំងរោងចក្រ សហគ្រាស និងបានពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ មានចំនួន ៣៩០,៤៧៦,៤៤២,៧១១រៀល ស្មើនឹងជិត ៩៨លានដុល្លារអាមេរិក៕