(តាកែវ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្ត ជាព្រះរាជាធិបតីភាព ក្នុងពិធីព្រះរាជប្រកាស និងស្រោចស្រពព្រះសុគន្ធវារីប្រគេន ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរគណខេត្តតាកែវ និងព្រះគ្រូសង្ឃវិជ្ជា ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ជាព្រះសង្ឃាភិរ័ត ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងព្រះគ្រូ ចំនួន៥ព្រះអង្គបន្ថែមទៀត នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ។
ក្នុងព្រះរាជពិធីនេះ ក៏និមន្ដ និងចូលរួមពី សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម, លោក អ៊ួច ភា អភិបាលខេត្តតាកែវ, ប្រធានមន្ទីធម្មការ និងសាសនាខេត្តតាកែវ រួមមន្ត្រីក្រោមឱវាទស្រុកខេត្តទាំងអស់។
សូមជម្រាបថា ដោយមានការយកចិត្តទុកដាក់ដោយបញ្ញាញាណរបស់គណសង្ឃនាយក និងរាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានតែងតាំងតំណែងដល់ព្រះសង្ឃបញ្ញាវ័ន្ដ ដែលមានទាំងចំណេះដឹង និងបទពិសោធក្នុងការដឹកនាំព្រះពុទ្ធសាសនាប្រគេនចំពោះ ព្រះធម្មវិជ្ជា ជួន កក្កដា ជាព្រះវិន័យធម៌គណខេត្តតាកែវ ដែលមានភារៈដោះស្រាយក្តី និងពង្រឹងផ្នែកពុទ្ធិកសិក្សាទូទាំងខេត្តតាកែវ។
ព្រះធម្មវិជ្ជា ជួន កក្កដា ជាធម្មកថិកដ៏ឆ្នើមមួយអង្គល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេសពុទ្ធបរិស័ទគ្រប់វ័យ ទទួលស្គាល់ថាស្តាប់ព្រះធម៌ របស់ព្រះអង្គឆាប់យល់ក្នុងទេព្យកោសលសម្តែងធម៌របស់លោកផងដែរ។ សព្វថ្ងៃនេះ ព្រះធម្មវិជ្ជា ជួន កក្កដា កំពុងតែបណ្តុះបណ្តាលធនធានព្រះសង្ឃ ក្នុងវត្តប្រាសាទនាងខ្មៅ មួយឆ្នាំៗចំនួន៣០០ ទៅ៤០០អង្គ ហើយយព្រះអង្គសាមណេរទាំងនោះជាកូនកំព្រា គ្មានទីពឹង មករកព្រះអង្គ ដើម្បីជួយបណ្តុះបណ្តាលបានរៀនសូត្រផងដែរ៕