(ភ្នំពេញ)៖ លោក ហ៊ុយ សុខា ប្រធានទីផ្សារក្រុមហ៊ុន ខារ៉ាបាវ បានចេញមុខច្រាលចោលទាំងស្រុង លើកករណីកន្លងមក ដែលបណ្តាញផ្សព្វផ្សាញសង្គមមួយចំនួន បានធ្វើការចែកចាយព័ត៌មានមិនពិត ដោយលើកឡើងថា ទទួលទានភេសជ្ជៈ ខារ៉ាបាវ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព រហូតដល់អាយុជីវិត។ លោកបានអះអាងថា ជាព័ត៌មានមិនពិតនោះទេ។
តំណាងក្រុមហ៊ុនរូបនេះ បានលើកឡើងថា «រាល់ព័ត៌មានដែលបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅនេះ ដែលនិយាយថាទទួលទានភេសជ្ជៈខារ៉ាបាវ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតនោះ គឺជាព័ត៌មានមិនពិតនោះទេ»។
លោកបានបញ្ជាក់ថា «ភេសជ្ជៈខារ៉ាបាវ មិនមែនទើបទេចរាចរណ៍ នៅលើទីផ្សារកម្ពុជានោះទេ ហើយក៏ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ មានផេក មួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យអតិថិជនយល់ច្រឡំ ហេតុដូចនេះក្រុមហ៊ុន ខារ៉ាបាវ សុំអះអាងថា រាល់ផលិតផលរបស់ក្រុមហ៊ុនដែលមានអក្សរខ្មែរ គឺជាផលិតផលស្របច្បាប់ ដែលទទួលស្គាល់ពីក្រសួងយ៉ាងត្រឹមត្រូវ»។
លោក ហ៊ុយ សុខា ប្រធានទីផ្សារក្រុមហ៊ុន ថ្លែងបន្ថែមថា អាស្រ័យហេតុ សូមបងប្អូន និងអតិថិជនទាំងអស់ បន្តការជឿជាក់មកលើភេសជ្ជៈខារ៉ាបាវ ។ ដោយឡែកចំពោះ ផេក ដែលផ្សព្វផ្សាយព័ត៌មានមិនពិត នឹងប្រឈមនឹងផ្លូវច្បាប់នៅពេលខាងមុខនេះ ៕