(ភ្នំពេញ)៖ លោក នង វាសនា អនុប្រធាន និងជាតំណាងលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួម និងផ្តល់ចំណាប់អារម្មណ៍ ក្នុងកម្មវិធីបើកមហាសន្និបាតនៃក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ក្រៅពីការលើកឡើងអំពីសមិទ្ធផលរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ លោក នង វាសនា បានចូលរួមផ្តល់នូវធាតុចូលនានា និងលើកយកនូវចំណុចមួយចំនួន របស់សហព័ន្ធដើម្បីសុំឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមនិងបន្តកិច្ចសហការជាមួយសហព័ន្ធ ក្នុងការដោះស្រាយបញ្ហានានា និងជំរុញឲ្យវិស័យស្រូវអង្ករកម្ពុជា អាចបន្តសម្រេចបានជោគជ័យថែមទៀត នៅថ្ងៃខាងមុខ រួមមានដូចខាងក្រោម៖
ក្នុងឱកាសនោះ លោក នង វាសនា បានលើកយកនូវចំណុចមួយចំនួន របស់សហព័ន្ធដើម្បីសុំឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមនិងបន្តកិច្ចសហការជាមួយសហព័ន្ធ ក្នុងការដោះស្រាយបញ្ហានានា និងជំរុញឲ្យវិស័យស្រូវអង្ករកម្ពុជា អាចបន្តសម្រេចបានជោគជ័យថែមទៀត នៅថ្ងៃខាងមុខ រួមមាន៖
១៖ ដោយយោងតាមសភាពការណ៍បច្ចុប្បន្ន នៃការប្រែប្រួលទីផ្សារពាណិជ្ជកម្មអន្តរជាតិ ជាពិសេសករណី ដែលសហគមន៍អឺរ៉ុប គ្រោងនឹងដាក់វិធានការ មកលើការនាំចូលអង្ករកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើសុំក្រសួង បន្តជួយជំរុញ និងពង្រឹងទីផ្សារតាមរយៈតាកូតា G2G ជាពិសេសការពង្រឹងការនាំចេញ ទៅកាន់ទីផ្សារចិនកូតា ដែលយើងមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារ ទៅកាន់ប្រទេសនានា ឲ្យបានកាន់តែទូលំទូលាយ។
២៖ ការសហការដោះស្រាយបញ្ហា ដោយថ្មីៗនេះ អ្នកនាំចេញអង្ករកម្ពុជាយើង បាននិងកំពុងជួបនូវបញ្ហានានា ដែលរាំងស្ទះដល់ការនាំចេញអង្ករ ដូចជាបញ្ហាឯកសារសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កំពង់ផែវៀតណាម បញ្ហាការឡើងថ្លៃ THC តំលៃដឹកជញ្ជូនឡើងថ្លៃខ្ពស់ជាងមុន កង្វះទូកុងទែន័រ និងកង្វះរថភ្លើងជាដើម។
៣៖ ពង្រឹងតួនាទី មន្ត្រីជំនាញទូតពាណិជ្ជកម្ពុជា នៅតាមបណ្តាប្រទេសនានាដែលមានស្រាប់ ដើម្បីការពារប្រយោជន៍ពាណិជ្ជកម្មកម្ពុជា នៅបណ្តាប្រទេសទាំងនោះ ពិសេសប្រឆាំងនឹងការលួចក្លែងបន្លំ ដាក់ឈ្មោះអង្ករកម្ពុជា របស់ឈ្មួញបរទេសមួយចំនួន ដូចដែលយើងចាប់បានកាលពីពេលថ្មីៗនេះ។
៤៖ ជំរុញការចរចារ តាមរយៈអនុស្សារណៈ ជាមួយប្រទេសនានា ដែលយើងមាន ពិសេស SPS យើងមិនទាន់បានទទួលបាន ការឯកភាពលើមុខទំនិញសំខាន់ៗ ឲ្យបានច្រើននៅឡើយ ពីប្រទេសដែលបានចុះហត្ថលេខារួចហើយ ដូចជាចិនជាដើម។
៥៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងការផ្តល់សេវាកម្ម លើការរត់ឯកសារផ្សេងៗ រួមទាំងការស្នើសុំ PHYTO គួរមានតារាងពេលវេលា និងតំលៃសេវាជាក់លាក់ ហើយអនុវត្តឲ្យបានរហ័ស ដើម្បីឆ្លើយតបការនាំចេញបានទាន់ពេលវេលា។
៦៖ ពិនិត្យលទ្ធភាពរៀបចំ ក្រុមការងារដោយមានសហព័ន្ធចូលរួម ក្នុងការសិក្សាការចុះ GI អង្ករកម្ពុជា នៅក្នុងខេត្តនានាជុំវិញបឹងទន្លេរសាប ដើម្បីយើងអាចទាញយកទីផ្សារសំខាន់ៗ ព្រោះបច្ចុប្បន្ននេះ យើងកំពុងតែប្រឈមមុខ ជាមួយនឹងសហគមន៍អឺរ៉ុប ហើយប្រសិនយើងមាន GI នោះអង្ករកម្ពុជា នឹងងាយស្រួលចូលក្នុងសហគមន៍អឺរ៉ុប និងប្រទេសនានា ដូចម្រេចកំពត និងស្ករត្នោត ជាដើម។
៧៖ ស្នើសុំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ បញ្ជូលតួនាទីសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមអនុវត្តលើគម្រោង ឃ្លាំង និងឡសម្ងួត ដើម្បីឲ្យការអនុវត្តងាយស្រូល សហការជាមួយសមាជិករបស់សហព័ន្ធ។
៨៖ ស្នើសុំក្រសួងពាណិជ្ជកម្ម បញ្ជូលតួនាទីរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលបាននិងកំពុងរៀបចំ កែសម្រួលដោយក្រសួងពាណិជ្ជកម្ម ពិសេសការងារពាក់ព័ន្ធ នឹងការបើកទីផ្សារ និងជំរុញផ្សព្វផ្សារអង្ករកម្ពុជា លើឆាកអន្តរជាតិ -ល-៕