(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានជំរុញឲ្យមន្ត្រីអង្គភាពអគ្គិសនី ខេត្តកំពង់ចាមខិតខំបន្តទៀត ក្នុងការពង្រីកបណ្តាញអគ្គិសនី តាមភូមិដែលនៅសេសសល់ ឲ្យបានប្រើប្រាស់អគ្គិសនីបន្ថែមទៀត។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ នៅមន្ទីរគណបក្សប្រជាជនក្រុងកំពង់ចាម ដែលមានសមាជិក-សមាជិកា ចូលរួមជាង៣០០នាក់ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។
ស្ថិតក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានប្រកាសអំពីតម្លៃសេវាអគ្គិសនី ដែលបានចុះតម្លៃ និងចាប់ផ្តើមអនុវត្ត នៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងនោះ ប្រភេទលំនៅដ្ឋាន នៅខេត្តកំពង់ចាម រួមមាន៖
* ប្រើចាប់ពី១ ដល់១០គីឡូវ៉ាត់ ចុះមកនៅ១គីឡូវ៉ាត់ ៣៨០រៀល
* ប្រើចាប់ពី១១ ដល់៥០គីឡូវ៉ាត់ ចុះមកនៅ១គីឡូវ៉ាត់ ៤៨០រៀល
* ប្រើចាប់ ពី៥១ ដល់២០០គីឡូវ៉ាត់ ចុះមកនៅ១គីឡូវ៉ាត់ ៦១០រៀល
* និងប្រើចាប់ពី២០១ គីឡូវ៉ាត់ឡើងទៅ ១គីឡូវ៉ាត់ ៧៤០រៀល។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ក្នុងខណៈពេលដែលថ្លៃបង់អគ្គិសនីចុះតម្លៃ ប្រជាពលរដ្ឋដែលបានអគ្គិសនីរដ្ឋ ប្រើមានការសប្បាយចិត្ត ប៉ុន្តែលោកអភិបាលខេត្ត មានការសោកស្តាយ ដែលបងប្អូនប្រជាពលរដ្ឋ នៅភូមិមួយចំនួន មិនទាន់មានអគ្គិសនីរដ្ឋប្រើប្រាស់នៅឡើយ។
ទន្ទឹមនិងនេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីអគ្គិសនី ខិតខំយកចិត្តទុកដាក់ ក្នុងការពង្រីកបណ្តាញអគ្គិសនីបន្ថែមទៀត ដើម្បីឲ្យភូមិដែលនៅសេសសល់ បានអគ្គិសនីប្រើប្រាស់ ខណៈនៅក្នុងខេត្តកំពង់ចាម មាន៩១៦ភូមិ ក្នុងនោះ មាន៨៧០ភូមិ ដែលមានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់ នៅសល់៤៦ភូមិទៀត មិនទាន់មានបានប្រើប្រាស់នៅឡើយ។
បើតាមលោកអភិបាលខេត្ត «ថ្វីត្បិតតែ ថ្លៃអគ្គិសនីយើង បានចុះតម្លៃដូចខាងលើក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៅតែគិតថា តម្លៃភ្លើងយើង នៅតែមានតម្លៃខ្ពស់ ជាងប្រទេសជិតខាងរបស់យើង។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលយើង កំពុងតែយកចិត្តទុកដាក់ ដើម្បីផលិតអគ្គិសនីឲ្យបានច្រើន ដើម្បីធ្វើឲ្យតម្លៃសេវាអគ្គិសនីបានចុះថ្លៃបន្តទៀត»៕