(ភ្នំពេញ)៖ ណាហ្គាវើលដ៍ នឹងធ្វើការដកចេញ នូវការប្រើប្រាស់បំពង់បឺតប្លាស្ទិក ពីប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលនេះជាផ្នែកមួយ នៃគម្រោងគាំពារបរិស្ថាន របស់ក្រុមការងារ សង្គមរបស់ក្រុមហ៊ុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ណាហ្គាវើលដ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
យុទ្ធនាការ «បញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក» នឹងត្រូវអនុវត្តទូទាំងណាហ្គាវើលដ៍ និងណាហ្គាទី២ បន្ទាប់ពីការស្ទង់មតិបុគ្គលិកប្រមាណ១០,០០០នាក់ និងគម្រោងសាកល្បងជោគជ័យ ដែលផ្តួចផ្តើមដោយក្រុមការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅកាត់ថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» ចាប់តាំងពីខែមិថុនា ក្នុងឆ្នាំនេះ។
យុទ្ធនាការនេះ មានគោលបំណងលុបបំបាត់ ការប្រើប្រាស់បំពង់បឺតប្លាស្ទិក ប្រមាណ៤លានដើម ក្នុងមួយឆ្នាំ ខណៈបំពង់បឺត ដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងត្រូវផ្តល់ជូននៅពេលអតិថិជនស្នើសុំ។ បុគ្គលិក ណាហ្គាវើលដ៍ បានឈប់ប្រើប្រាស់បំពង់បឺតប្លាស្ទិករួចហើយ នៅតាមអាហារដ្ឋាន ខណៈក្រុមហ៊ុនបានលើកទឹកចិត្ត ឲ្យបុគ្គលិកទាំងអស់ ជួយផ្សព្វផ្សាយសារបរិស្ថានដ៏ល្អនេះ ដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិផងដែរ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានក្លាយជាផ្នែកមួយ នៃចលនាប្រយុទ្ធប្រឆាំង នឹងបំពង់បឺតប្លាស្ទិករបស់ពិភពលោក»។
លោកថា «យើងជឿជាក់ថា ការនិយាយថា «ទេ» ចំពោះបំពង់បឺតប្លាស្ទិក គឺជារឿងសាមញ្ញបំផុត ដែលអ្នកទាំងអស់គ្នា រួមទាំងអតិថិជនរបស់យើង អាចចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក។ វាជាជំហានតូច ប៉ុន្តែមានឥទ្ធិពល ដើម្បីឆ្ពោះទៅរកការការពារបរិស្ថានរបស់យើង» ។
លោកបន្ដថា យោងទៅតាមកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ ប្លាស្ទិកប្រមាណ៨លានតោន ត្រូវបានចាក់ចោលទៅក្នុង មហាសមុទ្ររបស់យើងជារៀងរាល់ឆ្នាំ។ បំពង់បឺតប្លាស្ទិក គឺជារបស់សាមញ្ញបំផុត ដែលត្រូវបាន គេបោះចោល និងអណ្តែតនៅលើផ្ទៃសមុទ្រ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតនៅក្នុងសមុទ្រ មច្ឆជាតិ និងទេសចរណ៍ និងបង្កការខូចខាតយ៉ាងហោចណាស់៨ ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី។
ដោយឡែក វីដេអូឯកសារស្តីអំពី ការយកចេញបំពង់បឺតប្លាស្ទិក ពីរន្ធច្រមុះរបស់កន្ធាយសមុទ្រ បានទាក់ទាញការចាប់អារម្មណ៍ ពីប្រជាជនរាប់លាននាក់ទូទាំងពិភពលោក។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Pern Chen។
លោកបានបន្ដថា ការប្តេជ្ញា និងគម្រោងគាំពារបរិស្ថាន របស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស គឺសមស្របទៅនឹងគោលបំណង អភិវឌ្ឍប្រកបដោយនិរន្តរភាព គម្រោងលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងគម្រោងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជាគម្រោងគ្រប់គ្រងកាកសំណល់ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) របស់អង្គការសហប្រជាជាតិ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ បន្ថែមទៀតថា ដោយក្នុងនោះ ត្រូវបានទទួលស្គាល់ថា ជាសណ្ឋាគារបៃតងឆ្នើម ប្រចាំតំបន់អាស៊ាននៅឯវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៦ ដែលបានអនុវត្តវិធីសាស្ត្រការពារបរិស្ថាន ប្រកបដោយនិរន្តរភាព ណាហ្គាវើលដ៍ នឹងបន្តសិក្សា និងស្វែងយល់អំពីគំនិត និងគម្រោងថែរក្សាបរិស្ថានថ្មីៗបន្ថែមទៀត ដើម្បីប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួន ដើម្បីការលូតលាស់ប្រកបដោយនិរន្តរភាព៕