(ភ្នំពេញ)៖ សាលាខេមប្រ៊ីជអន្តរជាតិកម្ពុជា (Cambridge International School of Cambodia) បានប្រារព្ធកម្មវិធី «ខេមប្រ៊ិជ» មានទេពកោសល្យប្រចាំ ឆ្នាំ២០១៨ (Cambridge’s Got Talent) ដើម្បីឲ្យសិស្សានុសិស្ស មានឱកាសបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។
កម្មវិធី Cambridge’s Got Talent ខាងលើនេះ មានការសម្តែងសមត្ថភាព ជំនាញសិល្បៈជាច្រើនរួមមាន៖ ជំនាញបីភាសា ជំនាញនិយាយ និងមានការប្រគល់ជ័យលាភី ដល់សិស្សពូកែប្រចាំត្រីមាស សម្រាប់សិស្សថ្នាក់មតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។
បើតាមលោកស្រី លីឡែត ប៉ិពិតូ (Lilet Pepito) នាយិកាមធ្យមសិក្សាអន្តរជាតិ បានបញ្ជាក់ថា រាល់ការរៀបចំសុទ្ធតែដឹកនាំដោយកុមារទាំងអស់ ទាំងពិធីករ-ពិធីការិនី និងទាំងអ្នកសម្តែង។ លោកស្រីថា នេះជាគន្លឹះ ក្នុងការបណ្តុះគំនិត ភាពជាអ្នកដឹកនាំនូវគ្រប់វិស័យ។ ទន្ទឹមនឹងនោះ សាលាមានការរៀបចំក្រុមប្រឹក្សាកុមារ ដែលបោះឆ្នោតជ្រើសរើស ដោយសិស្សានុសិស្សផងដែរ។
លោកស្រី ចូអាន់ ឡរែនណា (Joanne Lorena) នាយិកាមត្តេយ្យសិក្សា និងជាអ្នកដឹកនាំសិស្សមត្តេយ្យ ចូលរួមក្នុងពិធីនេះ បានឲ្យដឹងថា ពិធីនេះធ្វើឡើង ដើម្បីបង្កើតឲ្យមានមិត្តភាពសិ្នទ្ធស្នាល រវាងអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ និងការបង្ហាញពីសមិទ្ធិផល ដែលសិស្សបានសិក្សាកន្លងមកនៅសាលា និងការផ្លាស់ប្តូរពហុវប្បធម៌ ជាការពន្លឿន និងអភិវឌ្ឍកុមារពិតៗ។
កុមារា ជា មុនីរតន៍ (Chea Monyroth) តំណាងសិស្សានុសិស្ស និងជាប្រធានក្រុមប្រឹក្សាកុមារ បានសម្តែងក្តីសោមនស្សរីករាយ ដោយសារពួកគេ មានការលូតលាស់ខ្លាំងក្លាជាងមុន រៀនសូត្រច្រើនជាងមុន វៃឆ្លាតជាងមុន និងមានទំនុកចិត្តខ្លាំងជាមុន ជារៀងរាល់ថ្ងៃ៕