(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា សេវាអគ្គិសនី ដែលក្រុមអាជីវករប្រើប្រាស់តាមតូបផ្សារនិមួយៗ ទូទាំងរាជធានីភ្នំពេញ មានតម្លៃចាប់ពី១,២០០រៀល រហូតដល់ទៅ១,៥០០រៀល ប្រាកដណាស់ និងត្រូវបញ្ចុះតម្លៃមកនៅត្រឹម៧៤០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាប្រភេទពាណិជ្ជកម្មធុនតូចដែលជាគោលនយោបាយក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ទុកជាកាដូឆ្នាំថ្មីជូនអាជីវករ នាខែមករា ឆ្នាំ២០១៩ ដែលនិងខិតជិតចូលមកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ។
លោក ជា ពិសី បានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលដឹកនាំមន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មការផ្សារ ដើម្បីចុះសួរសុខទុក្ខ ក្នុងការផ្សព្វផ្សាយគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការបញ្ចុះតម្លៃអគ្គិសនីជូនបងប្អូនអាជីវករប្រើប្រាស់តាមតម្លៃរបស់រដ្ឋ នៅត្រឹមតែ៧៤០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ ស្ថិតនៅក្នុងផ្សារគីឡូម៉ែត្រលេខ៦ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
នៅចំពោះមុខក្រុមអាជីវករផ្សារគីឡូម៉ែត្រលេខ៦ លោក ជា ពិសី បានលើកឡើងថា កន្លងមកបងប្អូនអាជីវករលក់ដូរតាមតូបបណ្តាផ្សារនានា ប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតំលៃ ១២០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងនោះ បានបញ្ចុះតម្លៃសមរម្យហើយ មកនៅត្រឹមតែ៧៤០រៀលប៉ុណ្ណោះ នៅក្នុងខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីសម្រាលដោះបន្ទុកចំណាយរបស់អាជីវករលក់ដូរទាំងអស់គ្នា ដែលជាគោលនយោបាយផ្ដួចផ្ដើមគិតគូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕