(ភ្នំពេញ)៖ ខណៈអ្នកគាំទ្រកាន់តែមានសន្ទុះកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រោងភាពយន្ត Legend បានសម្រេចបន្ថែម ៣សាខាទៀត ដោយមានបំពាក់បច្ចេកវិទ្យា កាន់តែទំនើបជាងមុន ដើម្បីឱ្យអ្នកទស្សនា ក៏ដូចជាអតិថិជន កាន់តែមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ភ្នែកក្នុងការ ទស្សនាភាពយន្ត ខណៈបច្ចុប្បន្នមាន៦ទីតាំង បំពាក់ដោយផ្ទាំងអេក្រង់បញ្ចាំងចំនួន ២៨។
ជាការកត់សម្គាល់ ចាប់តាំងពីបើកដំណើរការ តាំងពីឆ្នាំ ២០១១ រហូតមកទល់នឹងបច្ចុប្បន្ននេះ តួរលេខអ្នកចូលទស្សនាភាពយន្ត ហាក់មានការកើនឡើង ខណៈចុងឆ្នាំ២០១៨នេះ Legend មានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ហើយ រោងកុនមួយនេះ ក្លាយទៅជារោងកុនឈានមុខគេ ក្នុងការប្រកួតប្រជែងខ្សែភាពយន្ត ផ្ដាច់មុខនៅកម្ពុជា ហើយនៅពេលចាប់ផ្ដើមឆ្នាំដំបូង អ្នកចូលរួម អាចទទួលយក និងសម្របខ្លួន បានយ៉ាងងាយស្រួល។
ជាមួយនឹងការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាល និង ក្រុមការងារដឹកនាំដោយ ស្ថាបនិក និង នាយកប្រតិបត្តិ លោក តែ សុង រួមទាំងមានការគាំទ្រពីអតិថិជនរបស់ខ្លួនផងនោះ ទើប Legend អាចយកឈ្នះលើបញ្ហាប្រឈមរបស់ខ្លួន ពង្រីកវិសាលភាពកាន់តែរីកចំរើនទ្វេឡើង។
នៅក្នុងឆ្នាំ ២០១៨ រោងភាពយន្ត Legend Cinema មានផ្ទាំងអេក្រង់បញ្ចាំងចំនួន ២៨ នៅលើទីតាំងចំនួន ៦ ហើយសម្រាប់ឆ្នាំ ២០១៩ រោងភាពយន្ត Legend បានបន្ថែមទីតាំងថ្មីចំនួន៣ អមដោយអេក្រង់ចំនួន ២០ បន្ថែមទៀត។ ក្នុងនោះ កាន់តែបន្ថែមលក្ខណៈពិសេស និង ទាក់ទាញ ដោយបញ្ចូលនូវបទពិសោធន៍ដ៏គួរឲ្យរំភើប ជាមួយនឹងអេក្រង់ធំ សម្លេងល្អ ម៉ាស៊ីនបញ្ចាំងឡាស៊ែរ និង បច្ចេកវិទ្យាកាន់តែទំនើបជាងមុខទៅទៀត។ ទាំងនេះ ជាលក្ខណៈពិសេស នៅពេលដែលអ្នកគ្រប់គ្នាបានចូលទស្សនារោងភាពយន្ត Legend។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅឆ្នាំ ២០១៩ Legend ក៏មានគម្រោងថ្មីមួយ ដោយសហការជាមួយអ្នក Design ជនជាតិខ្មែរ មួយរូប ក្នុងការបង្កើតម៉ូដថ្មី ដោយផលិតជាដបទឹកសុទ្ធ មានឈ្មោះថា «We are Cambodian» ។
ការបង្កើតមួយនេះ មានគោលបំណង ដើម្បីដោះស្រាយបញ្ហាការចោលសម្រាម និងកាត់បន្ថយបា្លស្ទិក ពីកំប៉ុង មកជាដបទឹកសុទ្ធ ដែលអាចយកទៅប្រើប្រាស់នាពេលក្រោយទៀតបាន។
គំនិតផ្តួចផ្តើមទាំងពីរនេះ នឹងត្រូវដាក់បង្ហាញ ក្នុងគម្រោងប្រចាំឆ្នាំ ដែលត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងនោះមានដូចជាការបញ្ចាំងភាពយន្តសប្បុរសធម៌ ការចាក់បញ្ចាំងខ្សែភាពយន្ត និង ព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន។
ជាមួយគ្នានេះផងដែរ ផលិតករ ភាពយន្តខ្មែរ និង អ្នកមានទេពកោសល្យ ផលិតកុន ក៏អាចបង្ហាញគម្រោងរបស់ពួកគេ ដើម្បីចូលរួមប្រកួតស្នាដៃ ក្នុងកម្មវិធី «Legend Movie of the Year» ដែលធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ៕