(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្រ្ជាបការយល់ដឹង អំពីការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនដល់មន្ត្រីរាជការចំនួន៦០នាក់ មកពីអាជ្ញាធរសវនកម្មជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានការសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និង ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងវិធាន និងនិតិវិធី នៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ដែលជា មន្ត្រីរាជការ នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់ត្រៀមអនុវត្តការងារសវនកម្ម ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និង សំដៅជំរុញការចូលរួមអនុវត្ត ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឲ្យប្រព្រឹត្តទៅសម្រេចគោលដៅតាមការគ្រោងទុក។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា-ធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ពង្រឹងអភិបាលកិច្ច និងធានាប្រសិទ្ធភាព នៃការអនុវត្តថវិកាជាតិ, ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យប្រកបដោយបរិយាប័ន្ន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ជារួមកម្មវិធីកែ ទម្រង់ការគ្រប់គ្រងសាធារណៈ មានគោលដៅកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល-សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដារអន្តរជាតិ។
លោកបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ និងកំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានឆ្ពោះទៅទទួលជោគជ័យ និងកសាងបានមូលដ្ឋាន បន្តឈានទៅអនុវត្តដំណាក់កាលទី៤ សំដៅបង្កើន «គណនេយ្យភាពចំពោះសមិទ្ធកម្ម» ដែលគ្រោង នឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ខាងមុខ ។
ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវឯកសារ «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ២០១៨-២០២៥» ដោយបានប្តេជ្ញាធ្វើការផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងឆ្នាំ២០២៥។ ផ្អែកតាមទស្សនទាននេះ ថវិកាកម្មវិធីត្រូវបានចាប់ផ្តើមអនុវត្តសាកល្បងពេញលេញចាប់ពីឆ្នាំ ២០១៥, ហើយក្នុងឆ្នាំ ២០១៨ ថវិកាកម្មវិធីនេះ ត្រូវបានអនុវត្តនៅគ្រប់ក្រសួង-ស្ថាប័នទាំងអស់។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ដើម្បីចូលរួមជំរុញវឌ្ឍនភាពល្អប្រសើរ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ, ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឲ្យអនុវត្ត។ ប្រព័ន្ធ FMIS គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកែទម្រង់ប្រព័ន្ធថវិកា ស្របតាមឧត្តមានុវត្តជាអន្តរជាតិ ដើម្បីទទួល បានជោគជ័យតាមគោលដៅនៃកម្មវិធីកែទម្រង់។
ជាមួយគ្នានេះ ការធ្វើសាមញ្ញកម្មក្របខណ្ឌ និង នីតិវិធីនៃការត្រួតពិនិត្យ និង ការបើកផ្តល់ នឹងត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។ បច្ចុប្បន្ន ប្រព័ន្ធ FMIS កំពុងស្ថិតនៅក្នុងជំហានទី២ ដែលកំពុងរៀបចំដាក់ ឲ្យក្រសួង-ស្ថាប័នចំនួន១០បន្ថែមទៀត រួមនឹងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥ រាជធានី-ខេត្ដ ចូលរួមអនុវត្ត។ ទន្ទឹមនោះ ប្រព័ន្ធ FMIS នឹងត្រូវបន្តពង្រីក ឲ្យគ្របដណ្តប់លើប្រតិបត្តិការទាំងអស់ ក្នុងវដ្តថវិកា ដែលរួមមាន៖ ការរៀបចំគម្រោងថវិកា, ការអនុវត្តថវិកា, កិច្ចបញ្ជិកាគណនេយ្យ, ការធ្វើរបាយការណ៍, ការតាមដាន និង សវនកម្ម។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនាពេលនេះ គឺឆ្លើយតបទៅនឹងសំណូមពរ និង តម្រូវការចាំបាច់ របស់អាជ្ញាធរសវនកម្មជាតិ ក្នុងការស្វែងយល់អំពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ពិសេសទាក់ទងទៅនឹងមុខងារសំខាន់ៗ ដូចជា មុខងារសៀវភៅធំ, មុខងារវិភាជន៍ថវិកា, មុខងារទំនិញ និង មុខងារគណនីត្រូវសងជាដើម ដែលសុទ្ធតែជាមេរៀនដ៏មានសារៈសំខាន់ ដើម្បីជាមូលដ្ឋាន ក្នុងការអនុវត្តមុខងារសវនកម្ម សំដៅធានាតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ការសន្សំសំចៃ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕