(កំពង់ស្ពឺ)៖ ដើម្បីចូលរួមពង្រឹងគុណភាពវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា លោកឧត្តមសេនីយ៍ទោ រស់ ចិន្តា អនុប្រធាននាយកដ្ឋានអាវុធគីមីសាស្រ្ត នៃក្រសួងការពារជាតិ និងលោកស្រី ក្រុមគ្រួសាររបស់លោកផ្ទាល់ ព្រមទាំងសប្បុរសជនមកពីទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ បាននាំយកសំលៀកបំពាក់ ផ្តល់ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សជាង៥០០កំប្លេ សៀវភៅ ៥០០ក្បាល ប៉ិច៥០០ដើម ថ្នាំពេទ្យ និងថវិកាមួយចំនួន ឧបត្តម្ភដល់គ្រូបង្រៀន និងសិស្សកំពុងជួបការលំបាកខ្វះខាត នៅសាលាបឋមសិក្សាអូរគគី និងសាលាបឋមសិក្សាកន្ទួតស្ថិត ក្នុងឃុំតាំងក្រូច ស្រុកសំរាងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ រស់ ចិន្តា បានថ្លែងថា ដោយមើលឃើញជីវភាពមានការលំបាក របស់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរគគី និងសាលាបឋមសិក្សាកន្ទួត ដើម្បីចូលរួម លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្នជាពិសេស លោកគ្រូ និងសិស្ស នៅតំបន់ដាច់ស្រយាល លោកបានចំណាយថវិកាផ្ទាល់ខ្លួន ទិញសំលៀកបំពាក់ សម្ភារសិក្សា ថ្នាំពេទ្យ ផ្តល់លោកគ្រូ អ្នកគ្រូដើម្បីលើកទឹកចិត្ត ឲ្យខិតខំបំពេញការងារបង្រៀននិងរៀន (មានទឹកប្រាក់សរុបប្រមាណ២ម៉ឺនដុល្លារអាមេរិក)។
លោកឧត្តមសេនិយ៍សេនីទោ បានបន្តថា បច្ចុប្បន្ន ប្រទេសជាតិយើងកំពុងមានការ អភិវឌ្ឍន៍រីកចំរើនទៅមុខលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គមដទៃទៀតដែរ។ សមិទ្ធផលទាំងទាំងនេះ គឺពិតជាកើតឡើងក្រោមការដឹកនាំស្ថាបនាឥតឈប់ឈរ។ រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដឹកនាំដ៍ប៉ិនប្រសព្វ ជាមួយសមាជិកសមាជិការាជរដ្ឋាភិបាល កំពុងគិតគូយកចិត្ត ទុកដាក់ យ៉ាងខ្លាំងក្លាតាមរយៈក្រសួងអបរំ យុវជន និងកីឡា រាជរដ្ឋាភិបាល បានកសាងអគារសិក្សានៅតាម មូលដ្ឋាននានា ក្នុងគោលបំណងជួយបង្កលក្ខណៈងាយស្រួលក្មួយៗ គ្រប់រូបបានចូលរៀនប្រកបដោយសមធម៌។
លោកឧត្តមសេនីយ៍ទោ តំណាងឲ្យសប្បុរសជន បានបញ្ជាក់ថា «ក្មួយៗ គឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដឹកនាំគាំពារ កសាងប្រទេសជាតិយើងនាពេលអនាគត»។ លោកបានអះអាងថា ដូច្នេះភារកិច្ចដ៏ចម្បង របស់ក្មួយៗ គឺការខិតខំប្រឹងប្រែងរៀនសូត្រ គ្រប់មុខវិជ្ជាទាំងអស់ និងត្រូវខិតខំតម្កល់ខ្លួន នៅក្នុងសីលធម៌ជានិច្ច ទើបស័ក្តិសមជាកុលបុត្រកុលធីតា ខែខេមរាសមដូចពាក្យថា «កូនល្អ សិស្សល្អនិងមិត្តល្អ» និងជាអនាគតពលរដ្ឋល្អ ដែលសង្គមគោរពស្រឡាញ់។
លោក អ៊ុន សារឿន នាយកសាលាអូរគគី បានសំដែងអំណរគុណ ដល់ម្ចាស់ជំនួយមានលោកឧត្តមសេនីយ៍ទោ រស់ ចិន្តា និងបានថ្លែងថា សកម្មភាពរបស់សប្បុរសជនជា សប្បរសធម៌ ដែលមិនអាចកាត់ថ្លៃបាន ដើម្បីចូលរួមចំណែក ក្នុងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក៏ជាចំណែកមួយ ជួយរំលែកការលំបាកដល់ គ្រួសារគ្រូនិងសិស្ស គឺជាការលើកទឹកចិត្ត ឲ្យគ្រូខំបំពេញការងារ (បង្រៀន) ហើយខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕