(ត្បូងឃ្មុំ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតី ប្រកាសតែងតាំងអភិបាលរងខេត្តត្បូងឃ្មុំ២រូប ដោយតែងតាំងលោក ពាង ណារិទ្ធ ពីនាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ មកជាអភិបាលរងខេត្តត្បូងឃ្មុំ និងលោក កេង ប៊ុនណា ពីអភិបាលស្រុកត្បូងឃ្មុំ មកជាអភិបាលរងខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តត្បូងឃ្មុំថ្មី ២រូបនោះ ក៏មានការចូលរួមពី ប្រតិភូក្រសួងមហាផ្ទៃ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។
លោក ពាង ណារិទ្ធ និងលោក កេង ប៊ុនណា បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តនូវតួនាទីភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលប្រកបដោយតម្លាភាព សំដៅឱ្យកាន់តែមានភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹង និងពង្រីកឯកភាពផ្ទៃក្នុង កិច្ចសហការល្អប្រសើរ ក្នុងការជួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីរួមគ្នាជាធ្លុងមួយដើម្បីបំពេញការងារ។
អភិបាលរងខេត្តត្បូងឃ្មុំថ្មី ទាំង២រូប បន្តថា នឹងធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ស្ថេរភាពនយោបាយ ភាពសុខដុមរមនា និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជាពិសេសនោះ នឹងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីរួមចំណែក ដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ រួមជាមួយការបន្តធ្វើឱ្យរីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប៊ុន ហុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងការដឹកនាំកន្លងមក ដែលខេត្តត្បូងឃ្មុំ សម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អប្រសើរ ។
លោកក៍បានធ្វើការផ្តាំផ្ញើ ដល់អភិបាលរងខេត្តថ្មីទាំង២រូប ក៏ដូចជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពស្ថាប័ន និងមន្ត្រីរាជការក្នុងខេត្តទាំងអស់ បន្តរួបរួមគ្នា ដើម្បីធ្វើជាស្នូលសាមគ្គីភាព ខិតខំប្រឹងប្រែងតទៅទៀត ពុះពារជំនះឱ្យបាននូវរាល់ការលំបាក រួមចំណែកយ៉ាងសកម្មនូវ ក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្ត ដោយធ្វើយ៉ាងណា ធ្វើឱ្យកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរបន្ថែមទៀត៕