(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រូតពិនិត្យទីតាំង ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងត្រៀមប្រារព្ធទិវាថ្ងៃ ៧មករា ខួប៤០ឆ្នាំ នៃថ្ងៃរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីអតីតរបបកាប់សម្លាប់មនុស្ស ខ្មែរក្រហម។
ដំណើរចុះត្រួតពិនិត្យទីតាំងពហុកីឡាដ្ឋានជាតិនេះ ក្រោយកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យខួបលើទី៤០នៃ ទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលបានរៀបចំយ៉ាងម៉ត់ចត់ កាលពីចុងសប្តាហ៍មុន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អមដំណើរនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន រួមមាន មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្នាក់អគ្គស្នងការរង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ តាមបណ្តាអង្គភាពដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរួម។
គួរបញ្ជាក់ថា ទិវាខួប៧មករា ឆ្នាំ២០១៩ខាងមុខនេះ នៅពហុកកីឡដ្ឋានអូឡាំពិក នឹងមានប្រជាពលរដ្ឋខ្មែរចូលរួមអបអរសាទរ ប្រមាណជាងបីម៉ឺននាក់។
នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់តាមគ្រប់ចំណុចទាំងអស់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរ ក្នុងតំបន់បរិវេណនានា ដែលស្ថិតនៅក្បែរបរិវេណពហុកីឡដ្ឋានជាតិ ក្នុងនោះក៏បានសំណូមពរ ឲ្យរដ្ឋបាលរាជធានីធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ពីការបិទផ្លូវក្នុងថ្ងៃប្រារព្ធពិធីផងដែរ។
នៅថ្ងៃដដែលនេះផងដែរ ថ្នាក់ដឹកនាំតាមក្រសួង និងមន្ទីរនានា ដែលមានភារកិច្ចចូលរួមក្នុងពិធីបុណ្យ៧មករា ត្រូវគេឃើញថា ក៏បានអញ្ជើញមកពិនិត្យតាមផែននីមួយៗ រួមមាន ការលើកប៉ាណូសាកល្បង ក្នុងបរិវេណពហុកីឡដ្ឋានជាតិថែមទៀតផងដែរ៕