(ភ្នំពេញ)៖ រយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០១៨ មានក្រុមហ៊ុនថ្មី ចំនួន១៤,៥៥២ក្រុមហ៊ុន បានមកស្នើសុំចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម កើនឡើង១៣៨ភាគរយ។ នេះបើតាមរបាយការណ៍បូកសរុប លទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
របាយការណ៍បានបញ្ជាក់ទៀតថា បើប្រៀបធៀបចំនួនស្នើសុំចុះបញ្ជីពាណិជ្ជកម្មថ្មីនេះ ទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ មានក្រុមហ៊ុនថ្មី ស្នើសុំចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្មតែចំនួន៦,១០៨ក្រុមហ៊ុនប៉ុណ្ណោះ។
របាយការណ៍ដដែលបានបន្ថែមថា ករណីស្នើសុំលុបឈ្មោះ ចេញពីបញ្ជីពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០១៨នេះ មានចំនួន១៤២ក្រុមហ៊ុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ មានចំនួន៥៨ក្រុមហ៊ុន មានការកើនឡើង ១៤៤.៨២ ភាគរយ។
សូមបញ្ជាក់ថា របាយការណ៍ខាងលើនេះ បានដាក់បង្ហាញនៅក្នុងពិធី សន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលរៀបចំធ្វើឡើង ដោយក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
សន្និបាតប្រចាំឆ្នាំនេះ ត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅព្រឹកនេះ លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានថ្លែងបើកសន្និបាត ចំណែកពិធីបិទសន្និបាត នៅរសៀលថ្ងៃស្អែក នឹងត្រូវរៀបចំឡើងក្រោមអធិបតី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕