(សៀមរាប)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពីសមិទ្ធផល៥ឆ្នាំ (២០១៤-២០១៨) របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅសណ្ឋាគារប៉ារ៉ាឌីសអង្គរ នៅខេត្តសៀមរាប។
ក្នុងសិក្ខាសាលានោះ ក៏មានវត្តមានការចូលរួមពីទីប្រឹក្សាក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកឆ្នើមឆ្នាំ២០១៨ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណ៧០រូប។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសំដែងនូវគារវកិច្ចស្វាគមន៍ ចំពោះគណៈអធិបតី និងអ្នកចូលរួមទាំងអស់ និងបានជម្រាបអំពីការត្រៀមលក្ខណៈរបស់ សាកលវិទ្យាល័យវិទ្យាល័យសុខាភិបាល ក្នុងការរៀបចំ ផែនការយុទ្ធសាស្រ្តថ្មី សម្រាប់រយ:ពេល៥ឆ្នាំទៅមុខទៀត ក្រោយពីការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៤-២០១៨ ប្រកបដោយភាពជោគជ័យ។
នាឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិស័យសុខាភិបាល។
ជាមួយគ្នានោះ លោកសាស្រ្តាចារ្យបានលើកឡើងថា យោងតាមរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំកន្លងមក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់គុណភាព បណ្តុះបណ្តាល ពង្រឹងការងារស្រាវជ្រាវ ការផ្តល់សេវា និងការធ្វើ ទំនើបកម្មផ្សេងៗ។
លោកសាស្រ្តាចារ្យ បានផ្តល់មតិឲ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តនូវផែនការយុទ្ធសាស្រ្តថ្មី ឲ្យមានភាពអនុលោមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ និងខិតខំបន្ថែមទៀត ថែរក្សាឲ្យបាននូវកេរ្តិ៍ឈ្មោះឧត្តមភាព និងឈានមុខគេរបស់សាកលវិទ្យាល័យ សម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវាក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល។
សូមជម្រាបថា គោលបំណងសំខាន់ក្នុងសិក្ខាសាលានេះ គឺទន្ទឹមនឹងការពិភាក្សារកសមិទ្ធផលសំខាន់ៗរបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលសម្រេចបានគួរជាទីមោទន: ។ សិក្ខាសាលាក៏នឹងពិភាក្សាអំពីចំណុចអ្វីខ្លះដែល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គួរកែលំអ និងសមិទ្ធផលអ្វីខ្លះទៀត ដែលថ្នាក់ដឹកនាំ និងមន្រ្តីរបស់យើងរំពឹងចង់ឃើញ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានបន្ថែមទៀតក្នុងរយ:ពេល៥ ទៅ១០ឆ្នាំខាងមុខ៕