(ភ្នំពេញ)៖ លោក វ៉ាង វិនធៀន (Wang wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលចិន ជានិច្ចកាលតែងតែងគាំទ្រកម្ពុជា លើស្ថានភាពនយោបាយ ឯករាជ្យភាព អធិបតេយ្យភាព ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តជ្រោមជ្រែងកម្ពុជា ដើម្បីឱ្យមានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ។
ការអះអាងរបស់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា បានធ្វើឡើង ក្នុងពេលដែលលោក ចូលរួមជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
តាមការបញ្ជាក់របស់ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក វ៉ាង វិនធៀន (Wang wentian) បានបញ្ជាក់យ៉ាងដូច្នេះថា៖ ប្រទេសចិនតែងតែគាំទ្រកម្ពុជា តាមមាគ៌ាសមស្រប នៃស្ថានភាពនយោបាយពេលបច្ចុប្បន្ន ហើយប្រទេសចិនក៏គាំទ្រឯករាជភាព អធិបតេយ្យភាពរបស់កម្ពុជា គាំទ្រការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះចិន ក៏គាំទ្រកម្ពុជា ដើម្បីឱ្យមានតួនាទីសំខាន់លើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ លោក វ៉ាង វិនធៀន បានបន្តថា លោកនឹងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូរ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត។ ប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់ចិន ហើយកាត់តាមរយៈបទពិសោធន៍ដ៏ច្រើន ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏រស់រវើកនៃប្រទេសទាំងពីរ ធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រេតិបត្តិការកម្ពុជា-ចិន កាន់តែទទួលបានភាពជោគជ័យ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជារូបនេះ បានបន្ថែមទៀតថា ទំនាក់ដ៏ល្អរវាងប្រទេសទាំងពីរ នៅពេលនេះ គឺចាប់ផ្តើមឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនតែប៉ុណ្ណោះភាគីទាំងពីរ បានពិភាក្សាគ្នា ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅពេលខាងមុខផងដែរ។ លោកក៏បានកោតសសើរពីភាពរីកចម្រើនរបស់កម្ពុជា នៅពេលបច្ចុប្បន្ននេះផងដែរ ដោយសារតែកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
នៅក្នុងឱកាសនោះ សម្តេច ហេងសំរិន ក៏បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក វ៉ាង វិនធៀន ដែលបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន គឺផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រខ្មែរ ជាមួយអតីតប្រមុខដឹកនាំចិន រហូតដល់បច្ចុប្បន្ននេះ មានរយៈពេល៦០ឆ្នាំ មកហើយ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបន្តថា ទំនាក់កម្ពុជា-ចិន បានបន្តរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំទាំងពីរ រឹតតែបង្កើននូវកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។ ជាពិសេសលើកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងនៅឆ្នាំ២០១០ ហើយបច្ចុប្បន្ននេះ កំពុងតែទទួលបានផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យផងដែរ។
សម្តេច ហេងសំរិន ក៏បានបញ្ជាក់ថា បេសកកម្មថ្មីរបស់លោក វ៉ាង វិនធៀន គឺពិតជាមានសារសំខាន់ ដើម្បីជាស្ពានក្នុងការបន្តពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្តទៀត៕