(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដែលជាលទ្ធផលគឺពុំឃើញមានទំនិញណា ដែលខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទនោះទេ។
បើតាមមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានធ្វើ Test Kits គំរូបឋមចំនួន១២គំរូ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីពុំបានរកឃើញសារធាតុគីមី ដែលដាក់ក្នុងមុខទំនិញនោះទេ ហើយក្នុងនោះមន្ត្រីកាំកុងត្រូល ក៏បានពិនិត្យមើលកាលបរិច្ឆេទ ទៅលើមុខទំនិញជាគ្រឿងកំប៉ុង ដែលដាក់តាំងលក់នៅតាមតូបនានាក្នុងផ្សារវាលយន្តផងដែរ។
មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា រាល់ការសង្ស័យទៅលើមុខទំនិញណាមួយថា មានសារធាតុគីមីនោះប្រជាពលរដ្ឋ អាចទំនាក់ទំនងជាមួយមន្ត្រីកាំកុងត្រូលផ្ទាល់បាន គឺមានមន្ត្រីប្រចាំការនៅក្នុងផ្សារ និងមានឧបករណ៍ធ្វើតេស្ត រកសារធាតុគីមីដើម្បីធ្វើយ៉ាងណា ធានាបានសុវត្ថិភាពម្ហូបអាហារ ដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ កុំឱ្យប៉ះពាល់សុខភាព។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត៕