(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ ក្រុមហ៊ុនសន្ដិសុខឯកជន ចាត់បញ្ជូនភ្នាក់ងារសន្ដិសុខរបសខ្លួន ដើម្បីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសម្ពោធវិមានឈ្នះឈ្នះ នាចុងឆ្នាំនេះ ខណៈកម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ ដែលត្រៀមការពារពិធីនេះ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១០ នៅព្រឹកមិញនេះយ៉ាងដូច្នេះថា «ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ខ្ញុំសូមអំពាវនាវដល់ ក្រុមហ៊ុនសន្ដិសុខឯកជន បញ្ជូនភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមការពារសន្ដិសុខ ជាមួយកម្លាំងសមត្ថកិច្ច នៅថ្ងៃសម្ពោធវិមានឈ្នះឈ្នះនាចុងឆ្នាំនេះ»។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបន្ថែមថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើង នូវការចូលរួមថែរក្សាសន្ដិសុខ បានយ៉ាងល្អប្រសើរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់ លើកទឹកចិត្តផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។
ជាមួយនឹងវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជាមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល។
សូមជម្រាបថា កាលពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក យើងឃើញថាក្រុមហ៊ុនសន្ដិសុខឯកជនមួយចំនួន ក៏បានចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួន ដោយសហការជាមួយសមត្ថកិច្ច ដើម្បីចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានបញ្ចប់ទៅដោយរលូនផងដែរ៕