(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សានូវរាល់សមិទ្ធិផល ដែលបានកសាងកន្លងមក និងបន្តកសាងបន្ថែមទៀត ដើម្បីជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និងភាពសុខដុមនៅក្នុងសង្គមជាតិទាំងមូល។
លោក សួន បវរ បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា ១ខ្នង មានទំហំ១៨ម៉ែត្រ បណ្តោយ៣០ម៉ែត្រ នៅវត្តសុវណ្ណគិរីហៅ (វត្តថ្មរមៀល) ឋិតក្នងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាសមិទ្ធផលថ្មីក្នុងវិស័យព្រះពុទ្ធសាសនា។
លោក សួន បវរ បានលើកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការកសាងនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ពីប្រទេសជាតិស្ថិតក្នុងសង្រ្គាមបាក់បែក ឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូចសព្វថ្ងៃនេះ។
លោកអភិបាលខេត្ត ក៏បានពន្យល់ពីវឌ្ឍនភាពនានា នៃការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅទូទាំងប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអប់រំ ការទាក់ទាញអ្នកវិនិយោគ ការបង្កើតការងារ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកអភិបាលខេត្តក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សានូវរាល់សមិទ្ធិផល ដែលបានកសាងកន្លងមក និងបន្តកសាងបន្ថែមទៀត ដើម្បីជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និងភាពសុខដុមនៅក្នុងសង្គមជាតិទាំងមូល។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញមកសម្ភោធសាលាធម្មសភា លោក សួន បវរ និងលោកស្រី បានចូលរួមប្រគេនស៊ីម៉ងត៍ ១០តោន ដែក២តោន ដើម្បីបុកគ្រឹះផ្តើមកសាងព្រះវិហារបន្តទៀត ហើយលោកអភិបាលខេត្តក៏បានប្រគេនស៊ីម៉ងត៍ ១០តោនដល់វត្តត្របែក និងចូលរួមបច្ច័យ ២លានរៀល ក្នុងកម្មវិធីបុណ្យ និងផ្តល់អំណោយដល់តាជី យាជីចូលរួម ៥០នាក់ ក្នុង១នាក់ ថវិកា១ម៉ឺនរៀល និងក្មេងៗ សិស្សានុសិស្សចូលរួម ក្នុង១នាក់ ២ពាន់រៀលផងដែរ៕