(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងប្រធានប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានពន្យល់រៀបរាប់លម្អិតអំពីខ្លឹមសារ និងដំណើរការសាងសង់វិមានឈ្នះឈ្នះ ដែលគ្រោងដាក់សម្ពោធ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ធ្លាប់បានលើកឡើងនូវគោលបំណងសំខាន់ៗចំនួន៣ រហូតឈានដល់ការសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដែលស្ថិតនៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាគន្លឹះដល់អ្នកសិក្សាស្វែងយល់។
តើគោលបំណង៣មានអ្វីខ្លះ សូមអាននូវខ្លឹមសារពន្យល់ពី នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ខាងក្រោមនេះ៖
*ទី១៖ គឺជាការរំឭកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ ថា តើអ្វីទៅជានយោបាយឈ្នះ-ឈ្នះ? តើនយោបាយឈ្នះ-ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈម ពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាល នៃការដាក់ចេញ សម្រាប់ការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ តាមរបៀបណា? តើការបានដាក់ចេញ នូវគោលគំនិតនយោបាយឈ្នះ-ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា? ពីព្រោះនេះមិនមែនជាសុបិន្ដ ស្រមៃ និងកាន់តែមិនមែនជា ការជួយជ្រោមជ្រែង ឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯង គឺខុសអំពីក្នុងអំឡុងកាលដែលមានបេសកកម្ម «អ៊ុនតាក់» កន្លងមក នៅក្នុងកម្ពុជារបស់យើង។
*ទី២៖ ក្រៅពីការសម្ដែងនូវភាពកតញ្ញូ ការដឹងរំឭកគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើតគឺជាការរៀបចំទីតាំងដែលបង្ហាញ នូវសមិទ្ធផលទទួលដោយសន្ដិភាព និងការអភិវឌ្ឍន៍ក្នុងមាតុភូមិកម្ពុជា របស់យើង ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព។ ន័យនេះចង់បញ្ជាក់ថា សមិទ្ធផល និងការអភិវឌ្ឍន៍ទាំងអស់បានមកពីណា? ចេញមកពីនរណាឱ្យពិតប្រាកដ? លទ្ធផលដែលកំពុងមានជាក់ស្ដែងនេះ គឺជាតឹកតាង មិនអាចនរណាម្នាក់មិនទទួលស្គាល់ ឬបំភ្លៃជាដាច់ខាត នូវសច្ចភាពនៃការវិវឌ្ឍន៍បែបនេះ។ ដូច្នេះក៏មានន័យអំពីភាពសុខដុមរមណីយកម្មរបស់សង្គមកម្ពុជា ក្នុងដំណាក់កាលនេះ និងជាដំណាក់កាល ដែលយើងឱ្យឈ្មោះថា សម័យកាលតេជោសែន ក៏ថាបានហើយភស្ដុតាងទាំងអស់នេះតើមានពិតឬទេ? វិស័យនានាដែលមាន តើពិតប្រាកដឬទេ? ទំាងវិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា...ន័យចំណុចទី២នេះ គឺសំដៅទៅលើការបង្ហាញនូវសុខដុមភាពនៃសង្គមកម្ពុជា ដោយលទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ។
*ទី៣៖ គោលបំណងដ៏សំខាន់គឺជាការចែករំលែក ការផ្ដល់នូវការសិក្សាជាទីកន្លែងមួយដែលអាចធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវ ឈ្វេងយល់ និងខិតខំបង្កើត នូវចក្ខុវិស័យក្នុងការបន្ដស្ថានភាព ដែលមានបែបនេះតទៅអនាគត។ ដូច្នេះដើម្បីចែករំលែក ធ្វើជាមូលដ្ឋានឱ្យការងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគនិងក្នុងការចែករំលែកបន្ដគឺជាការរៀបចំ ស្ថាបនាកសាងរូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាង និងទីកន្លែងទាំងអស់នេះ ឱ្យមានភាពសាមញ្ញ និងមានភាពទាក់ទាញនិងឱ្យមានស្ថានភាពដែលកន្ទ្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យ ឌីជីថល ឬសម័យដែលត្រូវការពេលវេលាខ្លីសម្រាប់បង្កើនប្រសិទ្ធិភាពការងារនេះ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរ នៃនយោបាយឈ្នះឈ្នះ កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕