(កំពត)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ រួមជាមួយក្រុមការងារបានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់សេចក្តីស្រលាញ់ដល់ពលរដ្ឋលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សជាង២០០នាក់ នៅសាលាបឋមសិក្សាត្រពាំងរុន តំបន់តាកែនកោះស្លា ស្ថិតនៅភូមិត្រពាំងរុ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
នៅក្នុងពិធីនោះ លោកនាយកសាលាបឋមសិក្សាត្រពាំងរុន បានបញ្ជាក់ថា បច្ចុប្បន្នសាលាមានសិស្សានុសិស្ស កំពុងសិក្សាពីថ្នាក់ទី១ ដល់ទី៦ ចំនួន២១៩នាក់ និងមានអគារសិក្សា១ខ្នង ស្មើ៦បន្ទប់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលដែលសម្តេចបានទៅដល់តំបន់នោះ នៅឆ្នាំ១៩៩៧។ លោកនាយកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចដែលបានបង្កើតសាលាបឋមសិក្សានេះឡើង ពីព្រោះវាមានសារសំខាន់ណាស់ សម្រាប់តំបន់អតីតសមរភូមិមួយនេះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនសិស្សានុសិស្សបានយ៉ាងល្អ ទោះជាទីនេះស្ថិតតំបន់ដាច់ស្រយាលពីទីប្រជុំជនក៏ដោយ ហើយលោកបានស្នើឲ្យលោកគ្រូអ្នកគ្រូ នៅតែបន្តបន្តស្មារតីកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិ ជាពិសេសនៅតំបន់អតីតសមរភូមិក្តៅមួយនេះតែម្តង។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាលសិស្ស ត្រូវបន្តប្រុងប្រយ័ត្នចំពោះយុទ្ធភណ្ឌកាកសំណល់សង្គ្រាម ប្រសិនបើប្រទះឃើញ សូមកុំប៉ះពាល់ និងត្រូវរាយការណ៍ទៅមេភូមិ ឬសមត្ថកិច្ចដែលនៅក្បែរៗនោះ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាដាច់ខាត ព្រោះថាសម្តេចតេជោ បានខិតខំបញ្ចប់សង្គ្រាម ដោយនាំមកនូវសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិ ប៉ុន្តែសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតយើងនៅឡើយ។
បន្ទាប់មកលោក លី ធុជ និងក្រុមការងារ បានផ្តល់សម្ភារសិក្សា រួមមាន ការបូបស្ពាយ, ប៊ិច, ខ្មៅដៃ, ដែកឃួង, សាប៊ូដុះខ្លួន, នំ, ស្ករគ្រាប់ និងថវិកាដល់សិស្សានុសិស្ស ទាំងជាង២០០នាក់, ផ្តល់ថវិកាជូនលោកគ្រូ-អ្នកគ្រូ និងមាតាបិតាសិស្ស ផ្តល់ថវិកាសម្រាប់ចាក់ដីធ្វើផ្លូវជិត២០០ម៉ែត្រ, ផ្តល់សៀវភៅអានដាក់ក្នុងបណ្ណាល័យ ព្រមទាំងបង្រៀនសិស្សានុសិស្សពីការធ្វើអនាម័យខ្លួនប្រាណផងដែរ៕