(ព្រះសីហនុ)៖ ក្រោយពីមានភាពជោគជ័យ ក្នុងការផ្តល់សេវាកម្មផ្នែកអ៊ីនធឺណេត អស់រយៈពេលជាង១០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុន WICAM (វ៉ាយខេម) ដែលមានអតិថិជនកាន់កើនឡើងខ្លាំង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើសម្ពោធសាខាទី៤ថ្មីរបស់ខ្លួន នៅក្នុងខេត្តព្រះសីហនុ ដើម្បីបំពេញតម្រូវការជូនអតិថិជន។
លោក Zhou Jian (ចូវ ជៀន) ប្រធានផ្នែកបច្ចេកទេស ក្រុមហ៊ុន WICAM (វ៉ាយខេម) បានបញ្ជាក់ថា ក្រុមហ៊ុនលោក បានផ្តល់សេវាកម្មផ្នែក អ៊ីនធឺណេត ដែលបានបង្កើតឡើងអស់រយៈជាង១៣ឆ្នាំ មកហើយនៅប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន WICAM (វ៉ាយខេម) មានទីស្នាក់ការធំនៅ រាជធានីភ្នំពេញ និងមានផ្គត់ផ្គង់សេវាអ៊ីនធឺណេត នៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង។
លោកបន្ថែមថា នៅថ្ងៃនេះក្រុមហ៊ុនរបស់លោក បានបើកសម្ពោធការិយាល័យទំនាក់ទំនងផ្តល់សេវា (សាខាថ្មី) នៅក្នុងខេត្តព្រះសីហនុ ដោយសារតែមានកំណើនតម្រូវការ សេវាអ៊ឺនធឺណេតច្រើន ខណៈដែលខេត្តនេះកំពុងមានការអភិវឌ្ឍខ្លាំង។ លោកថា នាពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុងគ្រោងនឹងបើក ការិយាល័យផ្តល់សេវា (សាខាថ្មី) មួយទៀតនៅខេត្តបាត់ដំបងបន្ថែមទៀត។
ជាមួយគ្នានេះ លោក Zhou Jian ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ រួមមាន អង្គការ មន្ទីរពេទ្យ ក្រសួង ស្ថាប័ន ផ្សេងៗ ដែលបានប្រើប្រាស់សេវា របស់ក្រុមហ៊ុន WICAM (វ៉ាយខេម)។ ក្រុមហ៊ុនលោក ប្តេជ្ញានឹងបន្តការពង្រឹងបណ្តាញ និងកែលម្អគុណភាព ព្រមទាំងពង្រីកសេវាកម្មបណ្តាញថ្មី ឲ្យកាន់តែច្រើនប្រកបដោយគុណភាព និងលឿនបន្ថែមទៀត ដើម្បីបម្រើអតិថិជនមិនឲ្យទាស់ចិត្តឡើយ៕