(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ធនាគារវឌ្ឍនៈបានប្រកាសសម្ពោធបើកដំណើរការសាខាថ្មី «ធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ស្ពឺ» ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សាខាខេត្តកំពង់ស្ពឺ គឺជាសាខាទី១១ របស់ធនាគារវឌ្ឍនៈ ស្ថិតនៅអគារដ៏លេចធ្លោមួយនៃទីរួមខេត្តកំពង់ស្ពឺ ដែលទើបតែសាងសង់ថ្មី ហើយមានកន្លែងចតយានយន្តធំទូលាយ ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន។
ប្រធានសាខា គឺ លោក ភួង វុទ្ធី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយលោកជាអ្នកគ្រប់គ្រងសាខា មានបុគ្គលិកចំនួន១២នាក់ ដែលមានបទពិសោធន៍ និងមានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ។
លោកបន្ដថា «សាខាយើងខ្ញុំ នឹងផ្តល់ជូននូវសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលរួមបញ្ចូលទាំង សេវាកម្មបង់ពន្ធ និងមីក្រូឥណទានផងដែរ។ សាខាយើងខ្ញុំ នឹងបើកបម្រើការសេវាកម្ម ជូនអតិថិជនគ្រប់ជាន់ថ្នាក់ រួមទាំងអាជីវកម្មខ្នាតតូច-មធ្យម អ្នកលក់ដុំ-លក់រាយ ពាណិជ្ជករ អ្នកធ្វើការ និងអតិថិជននានា ហើយយើងក៏សង្ឃឹមថា សហគ្រិននៅក្នុងស្រុក នឹងផ្តល់ការគាំទ្រ ធនាគារវឌ្ឍនៈ ដែលជាធនាគារក្នុងស្រុក ដែលកំពុងពង្រីកខ្លួននៅខេត្តកំពង់ស្ពឺនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ ផងដែរ»។
ធនាគារ វឌ្ឍនៈ ជាធនាគារដែលបានបង្កើតឡើងនៅឆ្នាំ២០០២ មានភាគទុនិកនៅក្នុងស្រុក១០០% ហើយមានទីស្នាក់ការកណ្តាលនៅជាន់ទី ២ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។
ធនាគារវឌ្ឍនៈ ផ្តល់ជូននូវសេវាកម្មធនាគារទូទៅ និងធនាគារពាណិជ្ជ តាមរយៈសាខានានានៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។ ភាគទុនិករបស់ធនាគារ មានចំណេះដឹង និងបទពិសោធន៍ទូលំទូលាយ នៅក្នុងអាជីវកម្មទាំងក្នុងស្រុក និងក្នុងតំបន់។ ធនាគារកំពុងវិវឌ្ឍរីកចម្រើនយ៉ាងរឹងមំា កេរ្តិ៍ឈ្មោះល្អ និងសុវត្ថិភាពខ្ពស់ ក្នុងការផ្ដល់សេវាកម្មអតិថិជនប្រកបដោយប្រសិទ្ធភាព និងមានអភិបាលកិច្ចសាជីវកម្មល្អ ដែលបង្ហាញឲ្យឃើញតាមរយៈការទទួលស្គាល់ពីសហគមន៍ ជាតិ និងអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕