(ភ្នំពេញ)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ អាជ្ញាធរ និងសមត្ថកិច្ច សហការគ្នាឃាត់បានយានយន្ដសរុបចំនួន ៣,៥៣២គ្រឿង ដែលបើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
របាយការណ៍របស់រដ្ឋបាលខណ្ឌដូនពេញ ដែលអង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមយានយន្ដដែលសមត្ថកិច្ចឃាត់បាននោះរួមមាន ម៉ូតូ ចំនួន៣,០៣៥គ្រឿង, កង់បី ចំនួន៣៦៧គ្រឿង និងរថយន្ដ ចំនួន១៣០គ្រឿង។
សូមជម្រាបថា សមត្ថកិច្ច និងអាជ្ញាធរ តែងតាំងដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ចំពោះអ្នកបើកបរទាំងឡាយណា ដែលជិះបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលវិមានឯករាជ្យ។
ពាក់ព័ន្ធបញ្ហានេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ធ្លាប់បានប្រតិកម្មផងដែរ ចំពោះសកម្មភាពនៃការបើកបរ ដែលគ្មានយល់ពីច្បាប់ និងស្លាកសញ្ញាយ៉ាងដូច្នេះ ហើយការបើកបរនេះ ក៏អាចប្រឈមនឹងគ្រោះថ្នាក់ផងដែរ៕