(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
សន្និបាតប្រចាំឆ្នាំនេះ ត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅព្រឹកនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានថ្លែងបើកសន្និបាត ចំណែកពិធីបិទសន្និបាត នៅរសៀលថ្ងៃស្អែក នឹងត្រូវរៀបចំឡើងក្រោមអធិបតី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមកម្មវិធីដែលបានគ្រោងទុក អង្គសន្និបាត នឹងពិភាក្សាវាយតម្លៃលើបញ្ហាប្រឈម និងលទ្ធផលការងារដោយផ្តោតលើ៖
* ការអនុវត្តន៍កម្មវិធីកំណែទម្រង់រដ្ឋបាល ហិរញ្ញវត្ថុ សេវាសាធារណៈ និងប្រតិភូកម្មជូនថ្នាក់ក្រោមជាតិ
* ការចងក្រងសេចក្តីព្រាងច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម
* ការងារជំរុញពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារ
* ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ
* ការងារពាណិជ្ជកម្មក្នុងប្រទេស និងអភិវឌ្ឍន៍វិស័យឯកជន
* ការអនុវត្តគោលនយោបាយជាតិ ស្តិពីស្រូវអង្គរ
* ការងារគ្រប់គ្រងគុណភាព និងសុវត្ថិភាពទំនិញ
* ការងារស្ថិរភាពថ្លៃទំនិញ គ្រប់គ្រងអតិផរណា និងកិច្ចការចម្បងមួយចំនួនទៀត៕