(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន ការតបណ្តាញអគ្គិសនី នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ មាន៣ឃុំ គឺឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ ឃុំកាំងចាម។
ក្នុងដំណើរនៃការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានពិនិត្យស្ពានដែកបាឡេចំនួន៣ គឺស្ពានឃុំអូររៃប្រវែង៤០ម៉ែត្រ ស្ពានអូររុនប្រវែង៦០ម៉ែត្រ ស្ថិតនៅក្នុងឃុំអូររៃ និងស្ពានអូតាសួសប្រវែង ៣០ម៉ែត្រ ស្ថិតនៅក្នុងឃុំកាំងចាម ដែលស្ពានទាំង៣ខាងលើនេះត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ។
ជាមួយគ្នានេះ លោកក៏បានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានចំនួន២កន្លែងទៀត គឺស្ពានអូរគ្រៀក ប្រវែង២៧ម៉ែត្រ និងស្ពានអូរក្រាស់ ដែលស្ពានទាំងពីរនេះ ស្ថិតនៅក្នុងឃុំកាំងចាម ហើយនឹងចាប់ផ្តើមដំណើរការសាងសង់នាពេលខាងមុខនេះ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ថែទាំសមិទ្ធផលថ្មីនេះឲ្យបានល្អ និងបន្តជួសជុលស្ពាន និងផ្លូវដែលរងការខូចខាត ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមកនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន ការតបណ្តាញអគ្គិសនីនេះដែរ លោក ម៉ុម សារឿន បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវ ក្នុងភូមិ ឃុំ ដែលកំពុងស្ថាបនា ផ្លូវ ស្ពាន និងតបណ្តាញអគ្គីសនី។ លោកអភិបាលខេត្ត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅគ្រប់ពេលវេលា។
លោកអភិបាលខេត្ត បាននាំយកថវិកាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ចាស់ជរា ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀលផងដែរ៕