(ភ្នំពេញ)៖ ដូចខ្ញុំបានសរសេរបង្ហោះតាមហ្វេសប៊ុកកន្លងមកថា លោក សម រង្ស៊ី វ៉ៃបំបែកពាង ហើយបានខំស្រវេស្រវាទប់ទឹកកុំឲ្យហូរចេញដែលជា ការបំបែកខ្មោចបក្សសង្គ្រោះជាតិជាពីរ បំណែកតាមរយៈព្រឹត្តិការណ៍បក្សប្រហារនៅអាត្លង់តា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។ ការឆក់ប្លន់ស្រស់ៗរបស់លោក សម រង្ស៊ី នេះប្រៀបបានទៅនឹងរលកយក្សស៊ូណាមី ដែលកំពុងរុញ ច្រានខ្លួនគាត់ឲ្យរសាត់កាន់តែឆ្ងាយពីក្រុមអតីតអ្នកគាំទ្រ បក្សប្រឆាំងដោយសារសារជាតិកែមិនឡើងនៃភាពអាត្មានិយម និងអញនិយមរបស់គាត់។
ជាការពិតក្រោយពេលដឹកនាំធ្វើបក្សប្រហារដណ្តើមអំណាចពី លោក កឹម សុខា រួចហើយ សម រង្ស៊ី បានស្លន់ស្លោ ដោយម្តងរត់ទៅរកអនុប្រធានគណបក្ស - ម្តងទៅរកគណៈកម្មាធិការអចិន្ត្រៃយ៍ និងម្តងទៅរកគណៈកម្មការចំពោះកិច្ច ដើម្បីស្វះស្វែងរកការគាំទ្រឲ្យពេញលេញនូវតំណែងប្រធានស្តីទីខ្មោចដែលកើតចេញពីអំពើបក្សប្រហារនេះ។ ប៉ុន្តែយន្តការដែល សម រង្ស៊ី ស្វះស្វែងរកការគាំទ្រទាំងនោះ សុទ្ធតែគ្មានសំឡេងគ្រប់គ្រាន់ដើម្បីមកប្រថាប់ត្រាបំពេញមុខឲ្យ សម រង្ស៊ី នោះទេ ពោលគឺមានតែបក្សពួកគាត់ប៉ុន្មាននាក់មុខដដែលៗដូចជា មួរ សុខ ហួរ និងអេង ឆៃអ៊ាង ជាដើមដែលគាំទ្រ។ ក្រៅពីនោះភាគច្រើនបំផុតគេក៏មិនបានគាំទ្រលោក សម រង្ស៊ី ដែល «ដណ្តើមអំណាចឆៅៗ ដូចឆាវឆាវក្នុងប្រវត្តិសាស្ត្រសាមកុកចិននោះដែរ»។
នៅទីបំផុត យើងអាចមើលឃើញយ៉ាងច្បាស់ថា លោក សម រង្ស៊ី ពិតជាបាន «បំពានលើបំពាន» ពោលគឺបំពានលើលក្ខន្តិកៈ គណបក្សតាមរយៈការបើកអង្គប្រជុំធ្វើបក្សប្រហារ ហើយឥឡូវនេះ បែរមកបំពានលើអំណាច របស់អនុប្រធាន - របស់គណៈកម្មការចំពោះកិច្ច និងគណៈកម្មាធិការអចិន្ត្រៃយ៍ថែមទៀត។
សរុបទៅគឺ លោក សម រង្ស៊ី ហ៊ានបំពានគ្រប់បែបយ៉ាងព្រោះតែចង់បានអំណាចខ្មោចមកកាន់ផង និងការបំរើនូវមហិច្ឆតាគំនំសងសឹកផ្ទាល់ខ្លួនផងដែរ។ ព័ត៌មានចុងក្រោយដែលអ្នកតាមដាន នយោបាយតុកាហ្វេទទួលបានពីផ្ទៃក្នុងក្រុមប្រឆាំងគឺ ពេលនេះអ្នកប្រឆាំងនឹង សម រង្ស៊ី ទាំងនៅក្នុងស្រុក និងក្រៅស្រុក កំពុងតែប្រមូលគ្នារៀបចំ ចលនានយោបាយថ្មីមួយដែលគ្មាន សម រង្ស៊ី ហើយចលនានេះអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។
ម្យ៉ាងទៀត ក្រោយពេលដែលច្បាប់វិសោធនកម្មថ្មីចូលជាធរមាន ដែលនឹងបើកផ្លូវឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចទូលថ្វាយព្រះមហាក្សត្រ ដើម្បីលើក បម្រាមធ្វើនយោបាយដល់អ្នកនយោបាយមួយចំនួនណានោះដែលជាប់បម្រាមរបស់តុលាការ លោក សម រង្ស៊ី នឹងបានដឹងខ្លួនកាន់តែច្បាស់អំពីភាពឯកោរបស់ខ្លួនហើយនៅពេលនោះ នឹងនៅសល់តែ សម រង្ស៊ី អមដោយមនុស្សផ្កាប់មុខមួយចំនួនទៀតតែប៉ុណ្ណោះ។
សព្វថ្ងៃនេះ លោកសម រង្ស៊ី កំពុងស្គាល់ភាពឯការួចទៅហើយ ប៉ុន្តែដើម្បីបិទបាំងភាពអាម៉ាស់ និងក៏ដូចជាដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនបន្តទៀត សម រង្ស៊ី បានខិតខំទាញលោក កឹម សុខា ឲ្យមកនៅជាប់នឹងខ្លួនគ្រាន់បានជាគ្នា តាមរយៈភាសាភូតកុហកនៅលើគោកថា សម រង្ស៊ី និង កឹម សុខា គឺតែមួយ។ ខ្ញុំសួរថាតែមួយយ៉ាងម៉េច បើលោក សម រង្ស៊ី ខ្លួនឯងបានដណ្តើមអំណាចដោយបំពានពីលោក កឹម សុខា បាត់ទៅហើយហ្នឹង? ចំណែកលោក កឹម សុខា តាមរយៈមេធាវី និងកូនស្រី ក៏ដូចជាអ្នកគាំទ្រខាងលោក កឹម សុខា ផ្សេងទៀត សុទ្ធតែ ប្រកាសមិនគាំទ្រអំពើបក្សប្រហាររបស់ សម រង្ស៊ី ឡើយ។ នេះបានគេហៅថា ជាអ្នកភូត វិជ្ជាជីវះជាប់លំដាប់។ ប៉ុន្តែលោក សម រង្ស៊ី ភ្លេចគិតថាប្រជាពលរដ្ឋខ្មែរឥឡូវនេះ គេឆ្លាតជាងមុន ហើយក៏មិនងាយចាញ់បោកអ្នកនយោបាយភូត ដូចកាលពីមុនទៀតឡើយ។
ជាគតិដែលខ្ញុំអាចទាញចេញ បានពីទង្វើដូចបាន រៀបរាប់ខាងលើនេះរបស់លោក សម រង្ស៊ី គឺ៖
ទី១៖ បើសូម្បីក្នុងបក្ស សម រង្ស៊ី ហ៊ានធ្វើបក្សប្រហារដោយបំពានលក្ខន្តិកៈយ៉ាងធ្ងន់ធ្ងរ ចុះទម្រាំបានអំណាចដឹកនាំប្រទេស តើបំពានយ៉ាងណាទៅ?
ទី២៖ ត្រឹមធ្វើជាប្រធានក្រុមអ្នកប្រឆាំងផង សម រង្ស៊ី ហ៊ានភូតកុហកប្រជាពលរដ្ឋដល់ម្លឹង ចុះទម្រាំបានកាន់អំណាចវិញ តើនឹងភូតបែកផ្សែងយ៉ាងម៉េចទៅវិញ?
ទី៣៖ ត្រឹមសមាជិកក្រុមប្រឆាំងខ្លួនឯងធ្វើឲ្យបែកបាក់ដល់ម្លឹងទៅហើយ ចុះទម្រាំបានកាន់អំណាចវិញ តើការបែកបាក់ជាតិនឹងទៅជាយ៉ាងណា?
ទី៤៖ មនុស្សមានអំនួតជ្រុល ពូកែប្រកែកនិងមួលបង្កាច់ជាពិសេសភាពងប់ងុលនឹងគំនំ សងសឹកបាននាំឲ្យ សម រង្ស៊ី បាត់បង់នូវ វិចារណញាណ
ទី៥៖ ធ្វើនយោបាយបែប សម រង្ស៊ី នេះគេហៅថា «តម្រិះជិះកឯង» មូលហេតុ គឺដោយសារតែការស្រេកឃ្លានអំណាចខ្លាំងពេក ហើយគំនំសងសឹកជ្រាលជ្រៅពេកដែលធ្វើឲ្យគាត់ មោបាំងស្រវាំងភ្នែក ដូចដែលលោកតា គង់ គាំ បានកំណត់ថា «សម រង្ស៊ី ជាមនុស្សគិតមិនដែលត្រូវ យល់មិនដែលច្បាស់ និង ធ្វើអ្វីមិនដែលកើត»។
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ