(ចិន)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទលោក វេង សាខុន នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker Group នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន នាទីក្រុង Qiangjiang ខេត្ត Hubei ប្រទេសចិន ដែលគោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីគម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសចិនជួបបញ្ហាប្រឈមពីរធៀបនឹងកម្ពុជាគឺ ១.អាកាសធាតុនៅចិនមានស៊ីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលធ្វើឲ្យបង្កងមិនអាចលូតលាស់បាន និង ២.ពលកម្មសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ដែលធ្វើឲ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់។ ហេតុដូចនេះក្រុមហ៊ុនមានបំណងចង់ទៅបោះទុនវិនិយោគលើការចិញ្ចឹម និងកែច្នៃបង្កងនៅកម្ពុជាដោយស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់គម្រោងនេះ។
លោករដ្ឋមន្រ្តី បានសម្តែងក្តីត្រេកអរ និសូមស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា ដោយការវិនិយោគនេះអាចជួយជំរុញកំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនចាត់បុគ្គលិកជំនាញចុះទៅពិនិត្យ និងសិក្សាពីទីតាំងដែលមានសក្តានុពលនៅកម្ពុជា ដោយសហការជាមួយរដ្ឋបាលជលផល និងរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន និងក្រសួង ដើម្បីឈានទៅអនុវត្តគម្រោងវិនិយោគនេះឲ្យបានឆាប់នាពេលខាងមុខនេះ។
សូមជម្រាបថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ លោក វេង សាខុន និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish) របស់ក្រុមហ៊ុន Hubei Laker Group ពីការបង្កាត់ពូជ រហូតដល់ការវេចខ្ចប់កែច្នៃ។ នាឱកាសនោះគណៈប្រតិភូក៏បានទស្សនានូវបទបង្ហាញរបស់ក្រុមហ៊ុននូវប្រវត្តិនៃការចាប់ផ្តើមវិនិយោគលើបារីវប្បកម្មបង្កង ជាមួយដីស្រែកសិករ ព្រមទាំងបង្ហាញនូវបទដ្ឋានតម្រូវសម្រាប់ការចិញ្ចឹម បច្ចេកទេសក្នុងការចិញ្ចឹមនិងប្រមូល បរិមាណទិន្នផល និងចំណូលពីការចិញ្ចឹម។
តាមរយៈនៃការវាយតម្លៃរបស់ក្រុមហ៊ុន បានបង្ហាញថា កសិករធ្វើស្រែអាចរកប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមប្រមាណ ១៥០០ដុល្លារក្នុងមួយហិកតា ដោយឡែកកសិករអាចរកប្រាក់ចំណូលពីការធ្វើស្រែនិងចិញ្ចឹមបង្កងប្រចាំឆ្នាំជាមធ្យមប្រមាណ ១០០០០ដុល្លារក្នុងមួយហិកតា។
ដើម្បីធ្វើឲ្យសម្រេចការងារខាងលើនេះ គឺយើងត្រូវការវិនិយោគជាសំខាន់ទៅលើ ១៖ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទឹកឲ្យបានប្រសើរបំផុត និង ២៖ ការវិនិយោគបន្ថែមលើការរៀបចំដីស្រែដែលមានប្រឡាយព័ទ្ធជុំវិញឲ្យបានស្របតាមលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ៕