(មណ្ឌលគិរី)៖ នគរបាលខេត្តមណ្ឌលគិរី និងនគរបាលខេត្តដាក់ឡាក់ ប្រទេសវៀតណាម បានបើកកិច្ចប្រជុំមួយដើម្បីរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមការដឹកនាំពីលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក វូ ហុងវាំង ស្នងការនគរបាលខេត្តដាក់ឡាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីស្នងការរង លោកអធិការនគរបាលក្រុង និងលោកមេបញ្ជាការវរការពារព្រំដែន នៃប្រទេសទាំងពីរ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចប្រជុំខាងលើនេះ ភាគីទាំង២ បានផ្តោតយ៉ាងសំខាន់ដើម្បីធ្វើការប្តេជ្ញារួមគ្នាទប់ស្កាត់រាល់បញ្ហាបទល្មើស ផ្សេងៗដែលកើតមាននៅតាមបន្ទាត់ព្រំដែនកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី ឈានទៅរកការអភិវឌ្ឍន៍រីកចម្រើននៃ
ប្រទេសទាំងឲ្យកាន់តែប្រសើរឡើង៕