(ព្រះវិហារ)៖ សមិទ្ធិផលថ្មីនៅលើទឹកដីស្រុកគូលែន ខេត្តព្រះវិហារ គឺរង្វង់មូលថ្មីតម្កល់រូបសំណាកលោកតាសួង ឬអ្នកសច្ចាំងភ្នំត្បែង ត្រូវបានសម្ភោធជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានថ្លែងថា ស្របពេលដែលប្រទេសជាតិកំពុងទទួលបាននូវសុខសន្តិភាពពាសពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនគ្រប់ទីកន្លែង ក្នុងគោលបំណងឆ្លើយតប និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្តទៀតថា «យ៉ាងណាមិញ ខេត្តព្រះវិហារដែលជាខេត្តមួយ មានព្រំប្រទល់ជាប់ប្រទេសថៃ-ឡាវ ក៏មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហស័ផងដែរ។ ជាក់ស្តែងដូចជា ផ្លូវគមនាគមន៍ខ្វាត់ខ្វែង សំណង់ធារាសាស្ត្រ អគារតូចធំ សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ.....ជាដើម បើប្រៀបធៀបនិងរយៈពេលមុន គឺយើងមិនមានសមិទ្ធិផលនេះដូចសព្វថ្ងៃទេ»។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់នៅកម្ពុជា ឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍ថែមទៀត ពិសេសត្រូវគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិណាមួយ ឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជារបស់យើងនោះទេ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់អជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខេត្តព្រះវិហារឲ្យមានការរីកចំរើន ពិសេសលោកសូមថ្លែងអំណរគុណដល់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលជាអ្នកទទួលមើលការខុសត្រូវ លើការសាងសង់រង្វង់មូលតម្កល់រូបសំណាកលោកតាសួង នៅស្រុកគូលែននេះ ហើយលោកក៏សូមអរគុណដល់សប្បុរសជននានា ដែលបានរួមថវិកាកសាងរង្វង់មូលនេះផងដែរ។

ដោយឡែក លោក សំ លាងទ្រី បានឲ្យដឹងថា រង្វង់មូលស្រុកគូលែន ដែលតម្កល់រូបសំណាកលោកតាសួង ឬអ្នកសច្ចាំងភ្នំត្បែងដែលយើងធ្វើពិធីសម្ភោធនៅពេលនេះ គឺផ្តួចផ្តើមកសាងដោយលោក អ៊ុន ចាន់ដា និងលោកស្រី ដោយមានការចូលរួមថវិកាកសាងពីសប្បុរសជនជាច្រើនទៀតផងដែរ។

លោកបន្តថា ក្រៅពីរង្វង់មូលនៅស្រុកគូលែន គឺនៅមានផ្លូវភ្លោះក្នុងទីរួមខេត្តដែលកំពុងកសាង និងរង្វង់មូលស្រអែម នឹងចាប់ផ្តើសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងនេះ គឺផ្តួចផ្តើមកសាងដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ៕