(ត្បូងឃ្មុំ)៖ អភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សុខ សារិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នេះ ថា ករណីឈ្មួញចាក់ដីលុបស្ទឹង ក្នុងភូមិចុងជាច ឃុំចុងជាច ស្រុកតំបែរនោះ មកដល់ពេលនេះ លោកបានបង្កើតគណៈកម្មការចុះធ្វើការទប់ស្កាត់រួចហើយ និងកំពុងបន្តនីតិវិធីដើម្បីស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ។
គួរំលឹកថា ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិចុងជាច ឃុំចុងជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានប្តឹងជំទាស់និងឈ្មួញដែលកំពុងចាក់ដីលុបស្ទឹងធម្មជាតិសាធារណ: ដែលស្ទឹងនេះធ្លាប់ជាប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ដែលរស់នៅតំបន់នោះ ។
តាមប្រជាពលរដ្ឋរស់នៅតំបន់នោះ អោយដឹងថា ស្ទឹងនោះជាសម្បត្តិសាធារណតាំងពីដូនតាមកម្លេះហើយពុំដែលមាន អ្នកណាហ៊ានរំលោភបំពាន ឬចាក់ដីលុបស្ទឹងនោះទេ ទើបតែនៅក្នុងខែធ្នូ ឆ្នាំ២០១៨ នេះ អាជ្ញាធរឃុំចុងជាច បានឃុបគ្នាជាមួយឈ្មួញ ធ្វើការចាក់ដីលុបស្ទឹងនោះ ដែលប្រការនោះ បានធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងពោលគឺ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ស្ទះទឹកហូរ បណ្តាលអោយលិចផ្ទះសំបែងពួកគាត់ និងខូចផលដំណាំផ្សេងៗផងដែរ។
ប្រជាពលរដ្ឋអោយដឹងទៀតថា បញ្ហាខាងលើនេះ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានដាក់ពាក្យប្តឹងជូន លោក អភិបាលស្រុកតំបែរ។
លុះដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨គេឃើញមានក្រុមគណៈកម្មការសាលាស្រុកតំបែរ បានចុះធ្វើការទប់ស្កាត់សកម្មភាពចាក់ដីនោះ។ ប៉ុន្តែ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែឃើញក្រុមឈ្មួញ បានបន្តធ្វើសកម្មភាពចាក់ដីលុបស្ទឹងនោះទៀត។ ទាក់ទងករណីខាងលើនោះ លោក កាំង វ៉ាន់ឌី មេឃុំចុងជាច មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ ។
យ៉ាងណាក៏ដោយនៅរសៀលថ្ងៃដដែលនេះ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរបានអោយដឹងតាមទូរស័ព្ទថា បច្ចុប្បន្នករណីនោះ លោកបានបង្កើត គណៈកម្មការចុះធ្វើការទប់ស្កាត់បានរួចរាល់ហើយ ពោលគឺ មិនមានការចាក់ដីរំលោភស្ទឹងតំបន់នោះទៀតទេ ហើយបច្ចុប្បន្នផងដែរ លោកកំពុងបន្តនិតិវិធី ដើម្បីស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះផងដែរ៕