(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែមិគសិរ ឆ្នាំច ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំឱ្យមានពិធីជួបជុំ សំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារ ជាលើកទី ៧ (ឆ្នាំទី៦) ជូនចាស់ឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងសមាគមជនឥតទីពឹង សរុបចំនួន ៧២៣នាក់ នៅក្នុងបរិវេណ អង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី ១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណាដ៏ជ្រាលជ្រៅចំពោះ ចាស់ៗ ក្មួយៗ ចៅៗ បុគ្គលិក និងលោកគ្រូ-អ្នកគ្រូទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះស្ថាបនិក និងបុគ្គលិកអង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា ចាស់ជរា និងគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ឱ្យមានអាហារហូបចុក សំលៀកបំពាក់ ការមើលថែ និងផ្តល់ការអប់រំដល់កុមារ រហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ ជាពិសេសជម្រកស្នាក់នៅដ៏កក់ក្តៅ ដែលផ្តល់ការរស់នៅដោយភាពសុខដុមរមនា។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ចាប់ពីខែ ឧសភា ឆ្នាំ ២០១៣ រៀងមក កាកបាទក្រហមកម្ពុជា តែងតែចុះមកសាកសួរសុខទុក្ខ និងនាំមកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើន មកផ្តល់ជូនដល់ ចាស់ឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌល ព្រមទាំង រៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសាសម្រាប់គ្រប់ៗគ្នាទៀតផង។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ២០លានរៀលផងដែរ។
អំណោយផ្តល់ជូនអង្គការសង្គ្រោះជនអស់សង្ឃឹមរួមមាន ៖ អង្ករ ២តោន មី ៥០កេស ត្រីខ ២០កេសធំ សៀង (ប្រៃ, ផ្អែម) ១០០គីឡូក្រាម ឆៃប៉ូវ (ប្រៃ, ផ្អែម) ១០០គីឡូក្រាម ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៥០កេស ផ្លែប៉ោម ១០កេស ផ្លែទំពាំងបាយជូរ ១០កេស ផ្លែក្រូចឃ្វិច ១០កេស ផ្លែមៀន ៥០គីឡូក្រាម អាវយឺត ២០កេស និងថវិកា ៥លានរៀល។
ជូនសមាគមជនឥតទីពឹង៖ អង្ករ ៥០០គីឡូក្រាម មី ២០កេស ត្រីខ ៥កេសធំ សៀង (ប្រៃ, ផ្អែម) ២០គីឡូក្រាម ឆៃប៉ូវ (ប្រៃ, ផ្អែម) ២០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស ផ្លែប៉ោម ២កេស ផ្លែទំពាំងបាយជូរ ២កេស ផ្លែក្រូចឃ្វិច ២កេស ផ្លែមៀន ២០គីឡូក្រាម និងថវិកា ២លានរៀល។ ដោយឡែក កុមារ សិស្ស និស្សិត ចំនួន ៥៤៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល។ រីឯ គ្រូ បុគ្គលិក កម្មករ និងចាស់ៗ ១៧២នាក់ ក្នុងម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០ម៉ឺនរៀល៕