(កណ្ដាល)៖ អគារបណ្ណាល័យដ៏ថ្មីសន្លាងមួយខ្នង ផ្ដល់មូលនិធិដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលឈរយ៉ាងខ្ពស់សង្ហារ ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ត្បូងដំរី ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ។
ពិធីសម្ពោធសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់វិស័យអប់រំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈឹម សារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល, លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា, លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, លោកស្រី គង់ ចាន់បុស្សិបា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងលោក អ៊ុ សមអឿន អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
ពិធីនេះក៏មានការចូលរួមពីសំណាក់សិស្សានុសិស្ស យុវជនកាយរឹទ្ធ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការមកពីស្ថាប័នមន្ទីរនានាជុំវិញខេត្ត អាជ្ញាដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានរាយការណ៍ពីការរីកចម្រើននៃវិស័យអប់រំនៅ ក្នុងស្រុកខ្សាច់កណ្ដាល ជាពិសេស លោកសូមថ្លែងអំណរគុណ ចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យចំនួន ២ នៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ដែលជានេះកាយវិការដ៏ល្អប្រពៃក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកក៏ដូចជាខេត្តកណ្ដាលទាំងមូល។
លោក ឃឹម សារិន អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា តាងនាមឱ្យក្រសួងអប់រំ លោកសូមវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលកន្លងមក បានធ្វើការសហការយ៉ាងល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសាងសង់អគារបណ្ណាល័យ បំពាក់ធនធានសម្ភារបរិក្ខារ គ្រឿងសង្ហារិម ឯកសារ និងការបណ្តុះបណ្តុះបណ្ណារក្ស ដល់សាលារៀនជាច្រើន។
លើសពីនេះទៀត ការចូលរួមឧបត្ថម្ភគាំទ្រថវិកាសម្រាប់សកម្មភាពជំរុញការអាន តាមរយៈ «ទិវាជាតិអំណាន» ជាច្រើនឆ្នាំមកនេះ។ លោកក៏បានបន្ថែមទៀតថា ប្រាសាក់ គឺគ្រឹះស្ថានឯកជនគំរូមួយដែលបានរួមចំណែកក្នុងវិស័យអប់រំ ជំរុញសកម្មភាពអំណាន និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
លោក អ៊ុ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងថា អគារបណ្ណាល័យនៅក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យ ត្បូងដំរី នេះ ជាអគារបណ្ណាល័យទី២៦ហើយ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចំណោមអគារបណ្ណាល័យទាំងអស់៣០ ដែលបានសាង់សងរួចជាស្ថាពរ។
លោកបន្តថា អគារបណ្ណាល័យពណ៌បៃតងដ៏ស្រស់ស្អាតនេះ មានទំហំ៩ម៉ែត្រ គុណនឹង១២ម៉ែត្រ សង់ផុតពីផ្ទៃដី ដោយចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ និងបានបញ្ចប់ការងារសាងសង់ទាំងស្រុងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
ថវិកាចំនួន 154,159,080 រៀល ឬសមមូលនឹង 38,540 ដុល្លារអាមេរិក ត្រូវយកមកប្រើប្រាស់ជាដំណាក់កាលៗ សម្រាប់ចំណាយលើការអនុវត្តការងារសំខាន់ៗក្នុងគម្រាងអភិវឌ្ឍន៍បណ្ណាល័យនេះ រួមមាន៖ ការសាងសង់ ការបំពាក់សម្ភារនិងឯកសារ ការបណ្តុះបណ្តាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល ៣ឆ្នាំ។
លោក អ៊ុ សមអឿន បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាភិបាលរបស់ប្រាសាក់ បានសម្រេចផ្ដល់ថវិកាសម្រាប់ការកសាងអគារបណ្ណាល័យនេះ ក្នុងកាយវិការតបស្នងនិងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានប្រើប្រាស់សេវាកម្មរបស់ប្រាសាក់។ លោកក៏បានសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋសូមបន្តការគាំទ្រប្រាសាក់ជាបន្តទៀត ដើម្បីប្រាសាក់មានលទ្ធភាពពង្រីកសកម្មភាពសង្គមឱ្យបានច្រើនថែមទៀត។
មានមតិចំណាប់អារម្មណ៍នៅក្នុងកម្មវិធីសម្ពោធនេះ លោកឈឹម សារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រឱ្យគម្រោងនេះលេចជារូបរាងឡើង។ ការផ្ដល់ជាអគារបណ្ណាល័យនេះ គឺឆ្លើយតបចំទិសដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានចាត់ទុកជាអាទិភាព។
លោកបន្តថា ការសិក្សាស្រាវជ្រាវ និងអំណានពិតជាមានសារៈសំខាន់ណាស់ ដូច្នេះ ការផ្ដល់បណ្ណាល័យនេះគឺដូចជាការផ្ដល់ឱកាសមាសឱកាសប្រាក់ឱកាសពេជ្រ ដល់សិស្សានុសិស្សទាំងអស់ ព្រោះការអានច្រើន នាំមកនូវចំណេះច្រើន។ ហេតុនេះ សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពខ្លួនឱ្យបានខ្ពស់ដើម្បីជាទំពាំងស្នងឫស្សី និងសសរទ្រូងក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកក៏បានសំណូមពរឱ្យមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៍ ចូលរួមថែរក្សាបណ្ណាល័យនេះឱ្យបានគង់វង្សដើម្បីអាចប្រើប្រាស់បានច្រើនជំនាន់ទៅមុខ ៕