(ភ្នំពេញ)៖ ក្រុមហ៊ុន គឺជានីតិបុគ្គលដែលបង្កើតឡើងដោយស្ថិតនៅក្រោមវិសាលភាព ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឬច្បាប់ពិសេសណាមួយ។ ដោយឡែក ក្រុមហ៊ុន ដែលបង្កើតឡើងស្ថិតក្រោមក្របខណ្ឌ ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ត្រូវបានបែងចែកជា ២ ទម្រង់ដូចខាងក្រោមគឺៈ
១. ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមាន ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមាន
កម្រិត
២.ក្រុមហ៊ុនមូលធន ដែលមាន ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនមហាជន
ទទួលខុសត្រូវមានកម្រិត។
សម្រាប់សប្តាហ៍នេះផងដែរ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី ការទទួលខុសត្រូវ របស់ក្រុមហ៊ុនឯកបុគ្គល ទទួលខុសត្រូវមានកម្រិត ដែលជាក្រុមហ៊ុនមួយប្រភេទ ស្ថិតក្នុងទម្រង់ក្រុមហ៊ុនមូលធន មកបកស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិតដូចតទៅ ៖
យោងតាមមាត្រា ៨៦ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត គឺជាក្រុមហ៊ុនទទួលខុសត្រូវ មានកម្រិតដែលមានភាគហ៊ុនចាប់ពី ២ ទៅ ៣០ នាក់ ហើយសមាជិកភាគហ៊ុន អាចជារូបវន្ដបុគ្គល ឬជានីតិបុគ្គល ។ ប៉ុន្តែគួរកត់សម្គាល់ថា បុគ្គលតែម្នាក់ក៏អាចបង្កើតក្រុមហ៊ុនបាន ដោយមានឈ្មោះថា សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ។ សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត មានលក្ខណៈដូចគ្នាទៅនឹងលក្ខខណ្ឌទាំងឡាយ របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែរ ។
ពោលគឺសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិតគឺ ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិតផង ហេតុនេះការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុន លើបំណុល និងកាតព្វកិច្ចផ្សេងៗ មានត្រឹមតែ កម្រិតភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប៉ុណ្ណោះ ។
យោងតាមមាត្រា ៨៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិនអាចយកទៅប្រើប្រាស់ ក្នុងការធ្វើអាជីវកម្ម ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥនទានបានឡើយ ។
អនុលោមតាមមាត្រា ១៤៧ (ការទទួលខុសត្រូវរបស់សមាជិកភាគហ៊ុន) នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម បានចែងថា “ការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុនទាំងឡាយចំពោះបំណុលនៅក្នុងក្រុមហ៊ុនគឺមានកម្រិតត្រឹមតម្លៃជាវភាគហ៊ុន របស់ម្ចាស់ហ៊ុនម្នាក់ៗតែប៉ុណ្ណោះ ។”
ក្រុមហ៊ុនមួយ គឺជានីតិបុគ្គលដាច់ដោយឡែកពី ម្ចាស់ភាគហ៊ុនដែលដូច្នេះហើយ ការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុន លើបំណុល របស់ក្រុមហ៊ុន គឺមានកម្រិតត្រឹមចំណែកភាគហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលដែល ម្ចាស់ភាគហ៊ុនបានបង់ចំនួនទឹកប្រាក់ ដែលត្រូវទូទាត់សម្រាប់តម្លៃជាវភាគហ៊ុនពួកគេនឹងមិនទទួលខុសត្រូវលើចំនួនណាបន្ថែមទៀតឡើយ ។ ប្រសិនបើក្រុមហ៊ុនត្រូវទទួលខុសត្រូវ បំណុលណាមួយនោះ ការទទួលខុសត្រូវបែបនោះមិនមែនជាការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុននោះឡើយ ។ ភាគហ៊ុនត្រូវបានការពារពីម្ចាស់បំណុលរបស់ក្រុមហ៊ុន និងហានិភ័យទាំងស្រុងនៃការបរាជ័យអាជីវកម្ម។
ការទទួលខុសត្រូវមានកម្រិត របស់ភាគហ៊ុននេះមានទំនាក់ទំនង ជាពិសេសនៅពេលមាន ការរំលាយក្រុមហ៊ុន និងនៅពេលដែលប្រាក់ចំណេញទទួលបានពី ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មិនគ្រប់គ្រាន់ក្នុងការទូទាត់បំណុលរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិតគឺ ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតផងដែរ ហេតុនេះការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុនលើបំណុល និងកាតព្វកិច្ចផ្សេងៗ មានត្រឹមតែកម្រិតភាគហ៊ុនរបស់ខ្លួន និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប៉ុណ្ណោះពោលគឺ បំណុលរបស់ក្រុមហ៊ុនពុំមានជាប់ពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុនឡើយ ។
ឧទាហរណ៍ៈ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតរបស់លោក ក មានដើមទុនសរុប ២០០,០០០ ដុល្លារអាមេរិក ដែលលោក ក គឺជាម្ចាស់ភាគហ៊ុន១០០ ភាគរយ បានចុះកិច្ចសន្យាដឹកជញ្ជូនទំនិញទៅបរទេស ជាមួយក្រុមហ៊ុន B ចាប់តាំងពីឆ្នាំ២០១៥ ។ ក្នុងប្រតិបត្តការរបស់ខ្លួន ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតរបស់លោក ក បានខាតបង់ប្រាក់អស់ជាច្រើន រហូតដល់លែងមានលទ្ធភាពបន្តដំណើរការក្រុមហ៊ុនទៀតបានទើបបានសម្រេចចិត្តបិទក្រុមហ៊ុន ។ ក្នុងពេលសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន B ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត របស់លោក ក បានជំពាក់បំណុល ក្រុមហ៊ុនដឹកជញ្ជូន B រហូតដល់ ៤០០,០០០ ដុល្លារអាមេរិក ។ យោងតាមស្មារតី មាត្រា ១៤៧ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម លោក ក ដែលជាភាគហ៊ុននិកតែម្នាក់ របស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ត្រឹមកម្រិតភាគហ៊ុនដែលគាត់មានតែប៉ុណ្ណោះ ពោលគឺក្រុមហ៊ុន B ដែលម្ចាស់បំណុល ទទួលបានត្រឹមតែកម្រិតភាគហ៊ុនរបស់លោក ក ដែលមានក្នុងដើមទុនរបស់ក្រុមហ៊ុន និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយក្រុមហ៊ុន B ពុំមានសិទ្ធិធ្វើការទាមទារទ្រព្យសម្បត្តិឯកជនរបស់លោក ក ឡើយ ។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា សរ ម៉ារីណា លេខាប្រធានក្រុមមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group