(កណ្តាល)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីការប្រកួតពានរង្វាន់បាលទាត់អបអរសាទរខួប៤០នៃទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៨ នៅតារាងបាលទាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានមានមតិសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់TN KANDAL និងKNM YFC ប្រកបដោយក្តីសោមនស្សរីរាយយ៉ាងក្រៃលែង ។
លោកអភិបាលខណ្ឌ បានបន្តថា ដោយសារប្រទេសជាតិមានសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី ទេីបថ្ងៃនេះមានឱកាសជួបជុំគ្នាប្រកួតប្រជែងដេីម្បីយកពានរង្វាន់។
ជមួយគ្នានេះលោកអភិបាលខណ្ឌ បានរំឭកនូវប្រវត្តិសាស្ត្រដ៏ជូចត់របស់ពលរដ្ឋខ្មែរដែលធ្លាក់ចូលក្នុងរបបដ៏ខ្មៅងងឹតគឺរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុល ពត) ធ្វេីឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរងគ្រោះក្នុងរបបដ៏យង់ខ្នងមួយនេះ។
លោកអភិបាលខណ្ឌបញ្ជាក់ថា ក្រោយការរំដោះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទេីបធ្វេីឱ្យប្រទេសបានរស់រានឡេីងវិញ និងមានការរីកចម្រីនពីមួយឆ្នាំទៅមួយឆ្នាំ។
ជាលទ្ធផលនៅថ្ងៃរសៀលដដែលនោះ ក្រុមបាល់ទាត់ KNM YFC បានទទួលជ័យជំនះ ដោយយកឈ្នះ ក្រុមបាល់ទាត់ TN KANDAL ក្នុងពិន្ទុ៣គ្រាប់ ទល់១គ្រាប់។ ដូចនេះ ក្រុមបាល់ទាត់ KNM YFC ទទួលបានពានបាល់ទាត់ អបអរសាទរខួប៤០នៃទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៨៕