(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានប្រកាសឧបត្ថមថវិកា១លានរៀល ជារៀងរាល់ខែ រយៈពេលពេញ១ឆ្នាំពេញដល់អង្គការពន្លឺអនាគត ដើម្បីបន្ដជួយដល់កុមារកំព្រាក្នុងមណ្ឌល។
ការប្រកាសឧបត្ថមបែបនេះរបស់លោក កៅ ថាច ធ្វើឡើងក្នុងឱកាសដែលលោក និងលោក តឹក ឃាង ប្រធានសមាគមខ្មែរហាមិលតុន-ភ្នំពេញ បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយកុមារកំព្រា ក្នុងកម្មវិធីសប្បុរសធម៌របស់ RDB និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត នៅមណ្ឌលនៃអង្គការពន្លឺអនាគត ទីតាំងស្ថិតនៅភូមិព្រៃល្វា, សង្កាត់ចោមចៅ, ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នអង្គការពន្លឺអនាគតកំពុងចិញ្ចឹមបីបាច់ កុមារកំព្រាប្រមាណ៨០នាក់ ក្នុងនោះកុមារីមាន៤៦នាក់ ដោយមានអាយុចាប់ពី៦ឆ្នាំដល់១៩ឆ្នាំ ព្រមទាំងមានគ្រូបង្រៀន និងបុគ្គលិកសរុបចំនួន២៣នាក់ផងដែរ។ អង្គការពន្លឺអនាគត បានបណ្តុះបណ្តាលអប់រំដល់កុមារកំព្រាដែលរួមមាន៖ ក្នុងមណ្ឌល បានបណ្ដុះបណ្ដាលផ្នែក ភាសាអង់គ្លេស, កុំព្យួរទ័រ, សិល្បៈ និងការាត់តេ និងក្រៅមណ្ឌលគឺឱ្យ កុមារទៅរៀននៅសាលារដ្ឋ គឺសាលាបឋមសិក្សាព្រៃស្ពឺ និងអនុវិទ្យាល័យ-វិទ្យាល័យជំពូវ័ន្ត។
លោក កៅ ថាច បានផ្ដាំផ្ញើដល់កុមារកំព្រាទាំងអស់ ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រយ៉ាងហោចណាស់ រៀនឱ្យបានចប់វិទ្យាល័យ និងត្រូវចេះរួបរួមសាមគ្គីគ្នា ស្រលាញ់គ្នាដូចជាបងប្អូនបង្កើតព្រោះក្មួយៗទាំងអស់ រស់ក្រោមដំបូលតែមួយ។
លោកបន្ដថា បានលើកទឹកចិត្តដល់កុមារកំព្រាទាំងអស់នេះថា ទោះបីជាមិនមានឪពុកម្ដាយក៏ដោយ ប៉ុន្តែក្មួយៗមានប្រធានអង្គការ និងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌលជាឪពុកម្តាយទី២ និងចិញ្ចឹមបីបាច់ថែរក្សាផ្តល់ភាពកក់ក្តៅដល់ក្មួយៗទាំងគ្នា។
លោក កៅ ថាច ក៏បានចូលរួមឧបត្ថម្ភអំណោយ ដល់អង្គការពន្លឺអនាគតរួមមាន៖ អង្ករចំនួន២តោន, អាវ៣០០ ព្រមទាំងថវិកា និងសំភារៈសិក្សាដល់កុមារកំព្រា ដោយម្នាក់ៗទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ដើម និងខ្មៅដៃ២ដើម។
សូមជម្រាបថា អង្គការពន្លឺអនាគតបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅដោយ ផ្តល់ចំណីអាហារ, កន្លែងស្នាក់នៅ, សំលៀកបំពាក់, ការថែរក្សាសុខភាព, អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គម ដល់កុមារកំព្រាដែលគ្មានទីពឹង៕