(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ១ ប៉ុស្ដិ៍ឬស្សីកែវ និងប៉ុស្ដិ៍ច្រាំងចំរេះ១ របស់លោក បានតាមស្រាវជ្រាវ រហូតបង្ក្រាបឃាត់ខ្លួនជាក់ស្ដែងទៅលើជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ចំនួន៤នាក់ ដកហូតបានថ្នាំញៀន ចំនួន៤កញ្ចប់ ក្នុង៣ករណី និង៣គោលដៅផ្សេងគ្នា។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ខាងលើនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២១ រហូតមកដល់រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ និងនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ និងមួយទីតាំងទៀត ស្ថិតនៅក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ក្រោយពីបញ្ចប់ការស៊ើបអង្កេត។
លោកអធិការថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ មាន់ សុភ័ណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ក្នុងសងា្កត់បឹងសាឡាង ខណ្ឧទួលគោក ជាអ្នកប្រើប្រាស់គ្រឿងញៀន ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមពណ៌សថា្ល ជាថ្នាំញៀនចំនួន០១កញ្ចប់ថង់តូច និងទូរសព័្ទចាស់០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ដែលជាលទ្ធផលស្រាវជ្រាវបង្ក្រាបករណីទី១។
ចំណែកការបង្ក្រាបជាក់ស្ដែង ក្នុងករណីទី២ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វៃ ភេទប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សាន សេង ភេទប្រុស អាយុ២២ឆ្នាំ។
ជនសង្ស័យទាំង២នាក់ មានមុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងជាអ្នកប្រើប្រាស់ថ្នាំញៀន ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។
ជនសង្ស័យម្នាក់ទៀតឈ្មោះ កើ ស៊ីកៀរ ហៅគៀត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ក្នុងក្រុម៣ ភូមិ.៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ពីបទរក្សាទុកថ្នាំញៀន ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ដែលជាការស្រាវជ្រាវបង្ក្រាបករណីទី៣។
លោកអធិការខណ្ឌឬស្សីកែវរូបនេះ បានបញ្ជាក់ផងដែរថា ក្រោយបង្ក្រាបឃាត់ខ្លួនពួកគេទាំង៤នាក់ ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ បាននិងកំពុងស្ថិតនៅក្រោមការសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី៕